ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្ក្រាបក្រុមក្មេងទំនើងបង្ហោះម៉ូតូ នៅចំណុចផ្លូវ៦០ម៉ែត្រ ក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ កាលពីវេលាម៉ោង ០៣និង០៧នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋតាមរយៈទូរស័ព្ទបន្ទាន់ ១២៩១។

ក្រុមក្មេងទំនើងចំនួន ០២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ដកហូតម៉ូតូ ០១គ្រឿង និងនាំយកទៅធ្វើការអប់រំ ព្រមទាំងធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលបង្កការភ័យខ្លាចដល់សាធារណជន និងបំផ្លាញកិត្តិយសគ្រួសារ។ ម៉ូតូត្រូវបានរក្សាទុករយៈពេល ០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

នេះគឺជាការអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ជាឱ្យអនុវត្តគ្រប់វិធានការឱ្យបានតឹងរឹងបំផុតលើករណីក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈ។ ចំពោះការប្រព្រឹត្តលើកទី១ ត្រូវឃាត់ម៉ូតូរយៈពេល ០៣ខែ និង ០៦ខែ ចំពោះអ្នកប្រព្រឹត្តលើកទី២។

សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ភាពអនាធិបតេយ្យក្នុងសង្គម និងការពារសុវត្ថិភាពសាធារណៈជន។
ដោយ៖ សូរិយា
