ខេត្តព្រះសីហនុ ៖ ប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំមួយត្រូវបានកម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចុះប្រតិបត្តិការវាយឆ្មក់បង្ក្រាបទីតាំងសង្ស័យលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងស្នាក់នៅខុសច្បាប់ នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំដោយលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។ កម្លាំងជំនាញបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចុះប្រតិបត្តិការនៅចំណុចអគារកាស៊ីណូ ជីន យូ មេន តាំង (JIN YU MEN TANG CASINO) ស្ថិតនៅក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

ក្នុងរង្វង់ប្រតិបត្តិការ ពេលកម្លាំងជំនាញចុះទៅដល់ទីតាំង ភ្លាមៗនោះជនបរទេសទាំងនោះបានព្យាយាមរត់គេចខ្លួនចេញពីអគារ ប៉ុន្តែត្រូវបានកម្លាំងជំនាញគ្រប់គ្រងសភាពការណ៍បានដោយសុវត្ថិភាព ដោយបានធ្វើការហ៊ុំព័ទ្ធ និងក្រសោបជនបរទេសបានជាច្រើនរយនាក់ រួមនឹងសម្ភារមួយចំនួនទៀត។


បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្តនីតិវិធីបញ្ជូនជនបរទេសប្រមាណចំនួន ៤០០នាក់ ប្រគល់ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការបន្ត។ ដោយឡែកជនបរទេសជាច្រើនរយនាក់ទៀត កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅក្នុងអគារកាស៊ីណូ ដើម្បីនីតិវិធីបន្តបន្ថែមទៀត។

សូមជម្រាបថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមានដោយពុំមានការលើកលែងចំពោះក្រុមឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដែលកំពុងលបលួចធ្វើសកម្មភាពនៅក្នុងប្រទេសកម្ពុជា ដោយបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបបទល្មើសនេះដោយគ្មានបង្អង់ដៃឡើយ។

ដោយ ៖ សិលា
