ភ្នំពេញ៖ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងនូវសារដ៏មុតស្រួចថា៖ «បើចង់ការពារទឹកដី យើងត្រូវតែខ្លាំង មិនមែនអួតថាខ្លាំងទេ!»។

លោកបណ្ឌិតបានថ្លែងថា រឿងជាតិនិងទឹកដី កុំនិយាយដោយអំណួតជ្រុល ត្រូវឆ្លុះកញ្ចក់មើលខ្លួនឯង ថាតើយើងខ្លាំងត្រង់ណា និងខ្សោយត្រង់ណា។ លោកបញ្ជាក់ថា ការនិយាយលួងចិត្តខ្លួនឯងពេកក៏គ្រោះថ្នាក់ ឯការទុទិដ្ឋិនិយមជ្រុលពេកក៏គ្រោះថ្នាក់ដូចគ្នា។
លោកបណ្ឌិត គិន ភា បានលើកឡើងថា៖ «ការនិយាយលួងចិត្តខ្លួនឯងក៏មកពីស្រឡាញ់ជាតិ ឯទុទិដ្ឋិនិយមជ្រុលក៏មកពីស្រឡាញ់ជាតិ តែការពិតវានៅតែជាការពិត»។ លោកបន្ថែមថា ខ្មែរនិងថៃនៅតែត្រូវរស់ក្បែរគ្នា តែដើម្បីរស់ក្បែរគ្នាដោយស្មើមុខនិងស្មើសិទ្ធិ លុះត្រាតែយើងខ្លាំងដែរ។

លោកបណ្ឌិតបានព្រមានថា៖ «បើយើងនៅតែខ្សោយ យើងមិនអាចសំពះសុំសន្តិភាពពីគេបានទេ»។ លោកបានអំពាវនាវឱ្យខ្មែរប្រឹងប្រែងឱ្យខ្លាំង បើចង់បានទឹកដីរបស់ខ្លួនមកវិញ ដោយមិនមែនខ្លាំងតែនៅលើបណ្ដាញសង្គមនោះទេ។
លោកបណ្ឌិតបានលើកយកមេរៀនពីប្រទេសចិន ដែលហុងកុងបាត់បង់ទៅអង់គ្លេសរយៈពេល ១៥៥ឆ្នាំ និងម៉ាកាវបាត់បង់ទៅព័រទុយហ្គាល់ប្រហែល ៤៤២ឆ្នាំ។ ភាពអាម៉ាស់របស់ប្រជាជាតិនេះហើយ ដែលធ្វើឱ្យចិនប្រឹងរហូតខ្លាំង រហូតដល់អង់គ្លេសនិងព័រទុយហ្គាល់ប្រគល់ទឹកដីទាំងនោះមកវិញ។

លោកបណ្ឌិតក៏បានចង្អុលបង្ហាញថា ថៃក៏គេអប់រំអំពីភាពអាម៉ាស់របស់ប្រជាជាតិដល់ជនជាតិគេដែរ។ គេថាគេបាត់បង់ទឹកដីទៅប្រទេសជិតខាងដោយសារអំណាចអាណានិគម តែតាមពិតអំណាចអាណានិគមគ្រាន់តែយកទឹកដីខ្មែរនិងទឹកដីប្រទេសជិតខាងដទៃទៀត ដែលថៃបានយកទៅ មកប្រគល់ឱ្យម្ចាស់ដើមវិញតែប៉ុណ្ណោះ។ ប៉ុន្តែគេមិនដែលបង្រៀនកូនចៅគេបែបនេះទេ គេបង្រៀនថាទឹកដីគេបាត់បង់ ហើយគេសច្ចាជានិច្ចថានឹងយកទឹកដីទាំងនោះត្រឡប់ទៅវិញ។
លោកបណ្ឌិតបានបញ្ចប់ដោយការអំពាវនាវយ៉ាងរំជួលចិត្តថា៖ «ឈប់អួត! ឈប់អស់សង្ឃឹម! និងឈប់បែកបាក់គ្នាទៀត! ចាប់ដៃគ្នាឱ្យតឹងណែនក្នុងមហាគ្រួសារខ្មែរ ខិតខំប្រឹងពង្រឹងខ្លួនធ្វើដំណើរទៅមុខទៀត ដើម្បីការពារអ្វីដែលជារបស់យើង និងយកត្រឡប់មកវិញឱ្យអស់នូវអ្វីដែលជារបស់យើង»៕
ដោយ៖ សិលា
