ជំនួបនៅប៉េកាំង៖ លោក ត្រាំ ដាក់សម្ពាធឱ្យលោក ស៊ី ជិនពីង ផ្តាច់ជំនួយអ៊ីរ៉ង់

ជំនួបនៅប៉េកាំង៖ លោក ត្រាំ ដាក់សម្ពាធឱ្យលោក ស៊ី ជិនពីង ផ្តាច់ជំនួយអ៊ីរ៉ង់

នៅក្នុងសប្តាហ៍នេះ ភ្នែកពិភពលោកកំពុងសម្លឹងមើលដំណើរទស្សនកិច្ចដ៏សំខាន់រយៈពេលពីរថ្ងៃរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៅកាន់ប្រទេសចិន។ បើតាមមន្ត្រីជាន់ខ្ពស់សេតវិមាន របៀបវារៈក្តៅៗមួយដែលលោក ត្រាំ នឹងលើកយកទៅជជែកជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង នោះគឺការដាក់សម្ពាធឲ្យទីក្រុងប៉េកាំងបញ្ឈប់ការគាំទ្រផ្នែកសេដ្ឋកិច្ចដល់ប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Anadolu កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។

រូបថត៖ Anadolu

កន្លងមក រដ្ឋបាលលោក ត្រាំ ធ្លាប់បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនមួយចំនួនរួចមកហើយ ដោយសារតែការបន្តទិញប្រេងឆៅពីអ៊ីរ៉ង់ ប៉ុន្តែមើលទៅទីក្រុងប៉េកាំងហាក់មិនញញើតឡើយ។ តាមទិន្នន័យបានបង្ហាញថា ចិនគឺជាម៉ូយដុំធំជាងគេបំផុត ដែលទិញប្រេងពីអ៊ីរ៉ង់ ដោយមានចំណែករហូតដល់ទៅ ៩០ភាគរយ នៃចំនួនលក់ចេញសរុបរបស់អ៊ីរ៉ង់។

អ្វីដែលកាន់តែធ្វើឲ្យអាមេរិកក្តៅស្លឹកត្រចៀកនោះ គឺកាលពីដើមខែនេះ ចិនបានចេញបញ្ជាឲ្យក្រុមហ៊ុនក្នុងស្រុករបស់ខ្លួនកុំឲ្យខ្វល់ពីទណ្ឌកម្មអាមេរិក ថែមទាំងប្រើវិធានការច្បាប់ពិសេស ដើម្បីទប់ទល់នឹងច្បាប់បរទេសទៀតផង។ ក្នុងកិច្ចសន្ទនាតាមទូរសព្ទកន្លងមក លោក ត្រាំ តែងតែរំឮកលោក ស៊ី ជិនពីង ជារឿយៗអំពីការបារម្ភចំពោះលំហូរចំណូលដែលចិនបានផ្តល់ឲ្យអ៊ីរ៉ង់ រួមទាំងការលក់ទំនិញដែលអាចយកទៅកែច្នៃធ្វើជាអាវុធផងដែរ។

សម្រាប់កម្មវិធីដែលបានគ្រោងទុក លោក ត្រាំ នឹងធ្វើដំណើរទៅដល់ទីក្រុងប៉េកាំងនៅល្ងាចថ្ងៃពុធសប្ដាហ៍នេះ។ នៅព្រឹកថ្ងៃព្រហស្បតិ៍ លោកនឹងចូលរួមពិធីទទួលស្វាគមន៍ជាផ្លូវការ និងជួបពិភាក្សាទ្វេភាគីជាមួយលោក ស៊ី ជិនពីង មុនពេលថ្នាក់ដឹកនាំទាំងពីរនាំគ្នាទៅទស្សនាប្រាសាទមេឃ (Temple of Heaven) ដែលជាកន្លែងប្រវត្តិសាស្ត្រដ៏ល្បីល្បាញ រួចបន្តពិភាក្សាគ្នាបណ្តើរ និងទទួលទានអាហារពេលល្ងាចបណ្តើរ។ លុះដល់ថ្ងៃសុក្រ មុនពេលចាកចេញ លោកប្រធានាធិបតីទាំងពីរនឹងចំណាយពេលជជែកគ្នា រួមជាមួយការពិសារតែ និងអាហារថ្ងៃត្រង់ការងារ។

ក្រៅពីរឿងនយោបាយ និងសន្តិសុខ អ្នកនាំពាក្យសេតវិមានលោកស្រី Anna Kelly បានបញ្ជាក់ថា មេដឹកនាំទាំងពីរក៏នឹងពិភាក្សាគ្នាអំពីការបង្កើតក្រុមប្រឹក្សាពាណិជ្ជកម្ម និងការវិនិយោគរវាងអាមេរិក និងចិនផងដែរ។ លោកស្រីបានសង្កត់ធ្ងន់ថា ពលរដ្ឋអាមេរិកអាចរំពឹងទុកថានឹងទទួលបានលទ្ធផលល្អៗពីដំណើរទស្សនកិច្ចនេះ ជាពិសេសកិច្ចព្រមព្រៀងដែលផ្តល់ផលប្រយោជន៍ដល់កម្មករ កសិករ និងក្រុមគ្រួសារអាមេរិកាំង ព្រមទាំងជួយពង្រឹងសេដ្ឋកិច្ចជាតិឲ្យកាន់តែរឹងមាំ។ បន្ទាប់ពីជំនួបនៅចិននេះ លោក ស៊ី ជិនពីង ក៏ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅជួបលោក ត្រាំ នៅវ៉ាស៊ីនតោនវិញក្នុងឆ្នាំនេះដែរ ប៉ុន្តែថ្ងៃបរិច្ឆេទជាក់លាក់មិនទាន់ត្រូវបានកំណត់នៅឡើយទេ៕

administrator

Related Articles