Netanyahu ចោទចិនជួយកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ខណៈ IAEA ព្រមានថាទីក្រុងតេអេរ៉ង់មានសារធាតុផលិតគ្រាប់បែកបរមាណូបាន ១០គ្រាប់

Netanyahu ចោទចិនជួយកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ខណៈ IAEA ព្រមានថាទីក្រុងតេអេរ៉ង់មានសារធាតុផលិតគ្រាប់បែកបរមាណូបាន ១០គ្រាប់

ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ — នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចោទប្រកាន់ដោយផ្ទាល់ថា ប្រទេសចិន គឺជាអ្នកនៅពីក្រោយការជួយជ្រោមជ្រែងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់អ៊ីរ៉ង់។

Netanyahu ចោទប្រកាន់ចិន

ក្នុងបទសម្ភាសន៍ជាមួយកម្មវិធី «៦០នាទី» របស់ទូរទស្សន៍ CBS លោក Netanyahu បានអះអាងថា ទីក្រុងប៉េកាំងបានផ្គត់ផ្គង់គ្រឿងបង្គុំបច្ចេកវិទ្យាសម្រាប់ការផលិតមីស៊ីលរបស់អ៊ីរ៉ង់ ដែលលោកចាត់ទុកថាជាការព្រួយបារម្ភយ៉ាងខ្លាំង។ លោកបានបន្តថា សង្គ្រាមជាមួយអ៊ីរ៉ង់ «មិនទាន់បញ្ចប់ទេ» ដោយសារការគំរាមកំហែងសំខាន់ៗនៅតែបន្តកើតមាន។

លោក Netanyahu ក៏បានចោទប្រកាន់ថា អ៊ីរ៉ង់នៅតែរក្សាទុកសារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់រួច ព្រមទាំងទីតាំងចម្រាញ់នុយក្លេអ៊ែរ ដែលចាំបាច់ត្រូវតែរុះរើចោល។ យ៉ាងណាក្តី រហូតមកដល់ពេលនេះ គេមិនទាន់ឃើញមានប្រតិកម្មពីសំណាក់ភាគីចិននៅឡើយទេ។

ស្របពេលជាមួយគ្នានេះ តាមរបាយការណ៍របស់សារព័ត៌មាន Independent ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ មេដឹកនាំទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi បានសម្តែងក្តីបារម្ភយ៉ាងខ្លាំងថា បច្ចុប្បន្នអ៊ីរ៉ង់មានសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតខ្ពស់ច្រើនសន្ធឹកសន្ធាប់ ដែលអាចយកទៅផលិតជាគ្រាប់បែកនុយក្លេអ៊ែរបានរហូតដល់ ១០គ្រាប់។

បើតាមរូបភាពផ្កាយរណប គេជឿថាសារធាតុគ្រោះថ្នាក់ទាំងនេះកំពុងត្រូវបានលាក់ទុកយ៉ាងជិតនៅក្នុងរូងភ្នំនៃមជ្ឈមណ្ឌលនុយក្លេអ៊ែរ Isfahan បន្ទាប់ពីមានរថយន្តជាច្រើនគ្រឿងបានដឹកជញ្ជូនកុងតឺន័រចំនួន ១៨ ដែលសង្ស័យថាជាសារធាតុអ៊ុយរ៉ាញ៉ូម ចូលទៅក្នុងជម្រកក្រោមដី កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥។

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles