មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (CDC) បានចេញសេចក្តីប្រកាសដ៏តក់ស្លុតមួយកាលពីថ្ងៃព្រហស្បតិ៍ ដោយបញ្ជាក់ថា មានមនុស្សជាង ១០០នាក់បានធ្លាក់ខ្លួនឈឺដោយសារការផ្ទុះឡើងនៃមេរោគ Norovirus លើនាវាទេសចរណ៍ Caribbean Princess របស់ក្រុមហ៊ុន Princess Cruises។ ការផ្ទុះជំងឺនេះកើតឡើងក្នុងពេលដែលអង្គការសុខភាពពិភពលោក (WHO) កំពុងតែព្រមានជាសកលអំពីការរីករាលដាលនៃមេរោគ Hantavirus ដ៏កម្រ និងគ្រោះថ្នាក់បំផុត ដែលកំពុងវាយប្រហារលើនាវាទេសចរណ៍មួយគ្រឿងផ្សេងទៀត បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សហគមន៍អន្តរជាតិ។

យោងតាមសារព័ត៌មាន FirstPost ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ដោយផ្អែកលើទិន្នន័យពី CDC នៅសហរដ្ឋអាមេរិក មានអ្នកដំណើរចំនួន ១០២នាក់ និងសមាជិកនាវិក ១៣នាក់ សរុបចំនួន ១១៥នាក់ បានធ្លាក់ខ្លួនឈឺដោយសារមេរោគ Norovirus ដែលកំពុងរាតត្បាតលើនាវាទេសចរណ៍ដ៏ប្រណិតមួយនេះ។ បច្ចុប្បន្ន អ្នកជំងឺទាំងអស់កំពុងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីអ្នកដំណើរផ្សេងទៀត ដើម្បីទប់ស្កាត់ការរីករាលដាលបន្ថែមទៀត ខណៈក្រុមគ្រូពេទ្យកំពុងបន្តតាមដានស្ថានភាពយ៉ាងដិតដល់។
គួរកត់សម្គាល់ថា មេរោគ Norovirus គឺជាជំងឺទូទៅមួយដែលបង្កឲ្យអ្នកផ្ទុកមានរោគសញ្ញាក្រពះពោះវៀនដូចជា អាការៈរាគ និងក្អួតជាដើម។ វីរុសនេះខុសគ្នាទាំងស្រុងពីមេរោគ Hantavirus ដែលកម្រមាន និងមានគ្រោះថ្នាក់ជាងនេះទៅទៀត។
នាវាទេសចរណ៍ Caribbean Princess ត្រូវបានគេដឹងថាបានចាកចេញពីកំពង់ផែ Everglades ក្នុងទីក្រុង Fort Lauderdale រដ្ឋ Florida នៅថ្ងៃទី២៨ ខែមេសា ក្នុងដំណើរកម្សាន្តដ៏វែងឆ្ងាយ។ យោងតាមកាសែត The New York Times បានរាយការណ៍ថា នាវានេះបច្ចុប្បន្នកំពុងស្ថិតនៅឆ្នេរសមុទ្រភាគខាងជើងនៃសាធារណរដ្ឋ Dominican ហើយគេរំពឹងថានឹងឈប់សម្រាកនៅថ្ងៃអាទិត្យនៅកំពង់ផែ Nassau រដ្ឋធានីនៃប្រទេស Bahamas។
ក្នុងលក្ខណៈច្បាស់លាស់ ក្រុមហ៊ុន Princess Cruises បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រដោយបញ្ជាក់ថា៖ «ក្រុមហ៊ុន Princess Cruises អាចបញ្ជាក់បានថា បុគ្គលមួយចំនួនពិតជាមានជំងឺក្រពះពោះវៀនស្រាល អំឡុងពេលធ្វើដំណើរជាមួយ Caribbean Princess នៅថ្ងៃទី២៨ ខែមេសា ពីកំពង់ផែ Everglades»។
ស្របពេលជាមួយគ្នានេះ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់អាមេរិក (CDC) បានឲ្យដឹងថា Hantavirus មានផ្ទុកក្នុងសត្វកណ្តុរ ហើយការឆ្លងវីរុសនេះកើតឡើងនៅពេលដែលមេរោគចេញពីទឹកនោម លាមក ឬទឹកមាត់របស់សត្វកណ្តុរ រួចភាយទៅក្នុងអាកាស ហើយត្រូវមនុស្សដកដង្ហើមស្រូបចូល។ គួរឲ្យព្រួយបារម្ភនោះគឺ បច្ចុប្បន្ន Hantavirus មិនទាន់មានវ៉ាក់សាំងឡើយ ហើយក៏គ្មានថ្នាំព្យាបាលជាក់លាក់ដែរ ប៉ុន្តែអ្នកជំងឺអាចព្យាបាលបានតាមរយៈរោគសញ្ញាជាក់ស្តែង៕
