ពូទីន ថ្លែងថា គ្មានភាគីណាចង់បានសង្គ្រាម រុស្ស៊ីត្រៀមសម្របសម្រួលជម្លោះអាមេរិក-អ៊ីរ៉ង់

ពូទីន ថ្លែងថា គ្មានភាគីណាចង់បានសង្គ្រាម រុស្ស៊ីត្រៀមសម្របសម្រួលជម្លោះអាមេរិក-អ៊ីរ៉ង់

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានចេញមុខថ្លែងទស្សនៈយ៉ាងច្បាស់លាស់ថា ជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់ នឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗ ដោយសារតែគ្មានភាគីណាមួយអាចទទួលបានផលចំណេញពីសង្គ្រាមនេះឡើយ។ ការលើកឡើងនេះ ធ្វើឡើងស្របពេលដែលស្ថានការណ៍រវាងមហាអំណាចទាំងពីរ កំពុងឡើងកម្ដៅខ្លាំងគួរឱ្យព្រួយបារម្ភ។ នេះបើយោងតាមការចុះផ្សាយរបស់ CGTN នាថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០២៦។

ពូទីន

លោក ពូទីន បានសង្កត់ធ្ងន់ថា ប្រសិនបើការប្រឈមមុខដាក់គ្នា នៅតែបន្តរីកធំឡើង នោះគ្រប់ភាគីទាំងអស់នឹងទទួលរងការខាតបង់ដូចគ្នា ដោយគ្មាននរណាម្នាក់បានផលប្រយោជន៍អ្វីឡើយ។ លោកបានបន្ថែមថា រុស្ស៊ីនៅតែបន្តរក្សាទំនាក់ទំនងការទូតយ៉ាងជិតស្និទ្ធ ជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីស្វែងរកច្រកចេញដោយសន្តិវិធី។

លោក ពូទីន បានលើកឡើងពីតួនាទីរបស់រុស្ស៊ីក្នុងការសម្របសម្រួលកិច្ចព្រមព្រៀងនុយក្លេអ៊ែរកាលពីឆ្នាំ ២០១៥ ជាភស្តុតាងបញ្ជាក់ថា ការព្រមព្រៀងគ្នាតាមផ្លូវការទូតនៅតែអាចទៅរួច។ ទន្ទឹមនឹងនេះ លោកក៏បានបញ្ជាក់យ៉ាងច្បាស់ថា រុស្ស៊ីមិនទាន់ឃើញមានភស្តុតាងណាមួយបញ្ជាក់ថា អ៊ីរ៉ង់កំពុងព្យាយាមផលិតអាវុធនុយក្លេអ៊ែរនោះទេ ហើយរុស្ស៊ីនៅតែគាំទ្រឱ្យមានការសហការគ្នាលើវិស័យនុយក្លេអ៊ែរក្នុងគោលបំណងសន្តិភាពតែប៉ុណ្ណោះ។ សាររបស់លោក ពូទីន បានកើតឡើងចំពេលដែលពិភពលោកកំពុងបារម្ភពីភាពតានតឹងដ៏គ្រោះថ្នាក់ ដែលទាមទារឱ្យមានការដោះស្រាយដោយភាពវៃឆ្លាត និងទាន់ពេលវេលាបំផុត៕

administrator

Related Articles