ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានច្រានចោលរាល់លទ្ធភាពនៃការដាក់ពង្រាយកងទ័ពជើងទឹកបារាំងជាឯកតោភាគីនៅច្រកសមុទ្រ Hormuz ដោយគ្មានការពិគ្រោះយោបល់ជាមួយអ៊ីរ៉ង់ជាមុននោះទេ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងណៃរ៉ូប៊ី រួមជាមួយប្រធានាធិបតីកេនយ៉ា លោក William Ruto លោក ម៉ាក្រុង បានបញ្ជាក់ថា បារាំង«មិនដែលមានគម្រោង»បញ្ជូនកងទ័ពជើងទឹកទៅកាន់ច្រកសមុទ្រដ៏យុទ្ធសាស្ត្រនេះដោយឯកតោភាគីឡើយ។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា បារាំងត្រៀមខ្លួនជួយសម្រួលដល់ការចាប់ផ្ដើមឡើងវិញនូវចរាចរណ៍នាវាចរណ៍នៅច្រកសមុទ្រ ក្រោមកិច្ចសហការជាមួយអ៊ីរ៉ង់។

ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់បានចេញការព្រមានយ៉ាងតឹងរ៉ឹងប្រឆាំងនឹងវត្តមានកងទ័ពជើងទឹកបារាំង និងអង់គ្លេសនៅជិតច្រកសមុទ្រ Hormuz។ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi បានព្រមានថា រាល់ការដាក់ពង្រាយកងទ័ពជើងទឹកនឹងត្រូវប្រឈមមុខនឹង«ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងភ្លាមៗ»ពីកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់។

ពាក់ព័ន្ធនឹងការបញ្ជូននាវាផ្ទុកយន្តហោះ Charles de Gaulle ទៅសមុទ្រក្រហម និងឈូងសមុទ្រ Aden លោក Gharibabadi ចាត់ទុកថាជា «ការធ្វើឲ្យវិបត្តិកាន់តែរីករាលដាល»។ ភាពតានតឹងក្នុងតំបន់កើនឡើងខ្លាំង ចាប់តាំងពីអាមេរិក និងអ៊ីស្រាអែលបើកការវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលនាំឲ្យតេហេរ៉ង់សងសឹក និងបិទច្រក Hormuz។ បច្ចុប្បន្ន កិច្ចខិតខំប្រឹងប្រែងការទូតកំពុងបន្តដើម្បីបើកផ្លូវទឹកយុទ្ធសាស្ត្រនេះឡើងវិញ ដែលជាផ្លូវដឹកជញ្ជូនប្រេង និងហ្គាស ១ភាគ៥ របស់ពិភពលោក។
