ប៉េកាំង៖ មេដឹកនាំសកលលោកកំពុងត្រៀមខ្លួនសម្រាប់ជំនួបកំពូលមួយដែលគេរំពឹងថានឹងកំណត់ទិសដៅសេដ្ឋកិច្ចពិភពលោកឡើងវិញ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង គ្រោងជួបមុខគ្នានៅទីក្រុងប៉េកាំងក្នុងសប្តាហ៍នេះ ក្នុងកិច្ចប្រជុំដ៏ក្ដៅគគុកមួយ ដែលផ្ដោតជាសំខាន់លើបញ្ហាពាណិជ្ជកម្ម រ៉ែដ៏កម្រ និងវិបត្តិនានាក្នុងតំបន់ ជាពិសេសបញ្ហាអ៊ីរ៉ង់។
លោក ត្រាំ គ្រោងធ្វើដំណើរទៅដល់រាជធានីចិននៅថ្ងៃពុធ ខណៈកិច្ចពិភាក្សាទ្វេភាគីនឹងចាប់ផ្ដើមនៅថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសុក្រ។ កិច្ចប្រជុំនេះគឺជាលើកដំបូងក្នុងរយៈពេលជាងកន្លះឆ្នាំ និងជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ត្រាំ ទៅកាន់ចិនចាប់តាំងពីឆ្នាំ២០១៧មក។

មន្ត្រីអាមេរិកបានឱ្យដឹងថា អនាគតនៃកិច្ចព្រមព្រៀងរ៉ែដ៏កម្រដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ឧស្សាហកម្មផលិតកម្ម និងបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក នឹងត្រូវបានលើកយកមកពិភាក្សាផងដែរ។ ជាមួយគ្នានេះ អាមេរិកក៏អាចនឹងដាក់សម្ពាធលើចិនចំពោះទំនាក់ទំនងសេដ្ឋកិច្ចជាមួយអ៊ីរ៉ង់ និងរុស្ស៊ី ជាពិសេសការទិញប្រេងពីអ៊ីរ៉ង់ និងលំហូរទំនិញប្រើប្រាស់ពីរមុខ។
គួរបញ្ជាក់ថា លោក ត្រាំ ក៏ត្រូវបានគេរាយការណ៍ថាបានជំរុញឱ្យចិនប្រើឥទ្ធិពលរបស់ខ្លួនលើអ៊ីរ៉ង់ ដើម្បីជំរុញឱ្យមានកិច្ចព្រមព្រៀងទូលំទូលាយជាមួយអាមេរិក និងជួយបញ្ចប់ជម្លោះក្នុងតំបន់។ ជំនួបដ៏សំខាន់នេះនឹងធ្វើឡើងខណៈមហាអំណាចសេដ្ឋកិច្ចទាំងពីរកំពុងស្វែងរកដំណោះស្រាយភាពតានតឹងដែលបង្កឡើងដោយពន្ធត្រាំ និងផលប្រយោជន៍ភូមិសាស្ត្រនយោបាយ៕
