វិបត្តិថាមពលប៉ះពាល់ធ្ងន់! នាយករដ្ឋមន្ត្រីឥណ្ឌាសុំពលរដ្ឋពន្យារពេលរៀបការក្រៅប្រទេស និងធ្វើការពីផ្ទះ ដើម្បីសន្សំសំចៃប្រេង

វិបត្តិថាមពលប៉ះពាល់ធ្ងន់! នាយករដ្ឋមន្ត្រីឥណ្ឌាសុំពលរដ្ឋពន្យារពេលរៀបការក្រៅប្រទេស និងធ្វើការពីផ្ទះ ដើម្បីសន្សំសំចៃប្រេង

សង្គ្រាមមជ្ឈិមបូព៌ា នៅមិនទាន់បញ្ចប់ ខណៈពិភពលោកកំពុងរងគ្រោះដោយវិបត្តិថាមពល ប្រេងសាំង និងហ្គាសឡើងថ្លៃខ្លាំង។ ឥឡូវនេះ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានដាក់ចេញវិធានការសំខាន់ៗ ដោយប្រកាសឲ្យពលរដ្ឋសន្សំសំចៃប្រេង ចៀសវាងការរៀបអាពាហ៍ពិពាហ៍នៅបរទេស និងធ្វើការពីផ្ទះ។

ថ្លែងក្នុងពិធីជួបជុំនៅទីក្រុង Hyderabad កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ លោក Narendra Modi បានអំពាវនាវឲ្យប្រជាជនវណ្ណៈកណ្តាល ដែលចូលចិត្តទៅរៀបអាពាហ៍ពិពាហ៍ ឬដើរកម្សាន្តនៅបរទេស គួរតែពន្យារពេលសិន យ៉ាងហោចណាស់មួយឆ្នាំ។

នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi

ការរៀបអាពាហ៍ពិពាហ៍នៅបរទេស ឬ «Destination Wedding» កំពុងមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមគ្រួសារអ្នកមាន និងវណ្ណៈកណ្តាលឥណ្ឌា។ ហេតុផលគឺបើរៀបការក្នុងស្រុក ត្រូវហៅភ្ញៀវរាប់ពាន់នាក់ តែបើរៀបការក្រៅប្រទេស អាចហៅតែសាច់ញាតិ និងមិត្តជិតស្និទ្ធប្រហែល ១០០-២០០នាក់ប៉ុណ្ណោះ។

លោក Modi ក៏បានអំពាវនាវឲ្យពលរដ្ឋជិះរថភ្លើងវិញ ហើយបើចាំបាច់ត្រូវជិះរថយន្ត គួរជិះរួមគ្នាដើម្បីសន្សំសាំង។ លោកថែមទាំងជំរុញឲ្យប្រជាជនកុំទិញគ្រឿងអលង្ការ ផងដែរ។

ឥណ្ឌាជាប្រទេសប្រើប្រាស់ថាមពលធំជាងគេលំដាប់ទី៣ របស់ពិភពលោក ដោយនាំចូលប្រេងឆៅប្រហែល ៨៥% និងហ្គាសធម្មជាតិប្រហែល ៥០% នៃតម្រូវការសរុប។ ក្នុងនោះ ប្រហែលពាក់កណ្តាលនៃប្រេងឆៅ និង២ភាគ៣នៃហ្គាស ត្រូវដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលកំពុងត្រូវបានបិទខ្ទប់៕

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles