តម្លៃផ្លែទុរេន ដែលធ្លាប់ជាផ្លែឈើប្រណីតនៅចិន បានធ្លាក់ចុះយ៉ាងខ្លាំងដោយសារការផ្គត់ផ្គង់ច្រើនលើសលុបពីអាស៊ីអាគ្នេយ៍ បន្ទាប់ពីបណ្ដាញភស្តុភារត្រូវបានកែលម្អយ៉ាងប្រសើរ។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។
ពីមុនមក អាជីវករនៅចិនធ្លាប់លក់ទុរេន ២០០ យ៉ន់ (ប្រហែល ២៩ ដុល្លារ) ក្នុងមួយគីឡូក្រាម ប៉ុន្តែឥឡូវនេះតម្លៃបានថោកជាងមុនឆ្ងាយណាស់។ សារព័ត៌មានស៊ីនហួបានផ្សាយថា នៅផ្សារបោះដុំទីក្រុងគុនមីង ខេត្តយូណាន ទុរេនពូជថៃ Monthong ត្រូវបានគេលក់ត្រឹមតែ ២៨ យ៉ន់ (ប្រហែល ៤ ដុល្លារ) ក្នុងមួយគីឡូក្រាមប៉ុណ្ណោះ។

តាមការលក់អនឡាញ អ្នកប្រើប្រាស់ទូទាំងប្រទេសចិនអាចទិញទុរេនទម្ងន់ជាង ២ គីឡូក្រាម មានសាច់ផ្លែធំៗ ៦ ក្លែប ក្នុងតម្លៃត្រឹមតែ ១២៩ យ៉ន់ គិតទាំងថ្លៃដឹកជញ្ជូន។
ការធ្លាក់ចុះយ៉ាងដំណំនេះបានក្លាយជាប្រធានបទក្ដៅលើបណ្ដាញសង្គមចិនកាលពីចុងខែមេសា ដោយសារតែការដឹកជញ្ជូនទុរេនជាច្រើនបានមកដល់តាមកំពង់ផែសមុទ្រ និងផ្លូវគោករបស់ចិន។ សេវាកម្មដឹកជញ្ជូនតាមផ្លូវរថភ្លើងថៃ-ឡាវ-យូណាន បានធ្វើឱ្យការដឹកជញ្ជូនទុរេនពីអាស៊ីអាគ្នេយ៍កាន់តែលឿនរហ័ស។ រថភ្លើងត្រជាក់ ១៣ អង្សាសេ ចេញពីកំពង់ផែឡាំឆាបាងរបស់ថៃ ឆ្លងកាត់ឡាវ ទៅកាន់ក្រុងគុនមីង ចំណាយពេលត្រឹមតែ ២៦ ម៉ោងប៉ុណ្ណោះ។ ទុរេនថៃអាចទៅដល់ជាង ៣០ ទីក្រុងនៅចិនក្នុងរយៈពេលត្រឹមតែ ២ ថ្ងៃ។
ភាពប្រសើរឡើងនៃបណ្ដាញភស្តុភារបានកាត់បន្ថយពេលដឹកជញ្ជូនទៅក្រុង Chengdu មកត្រឹម ៥ ថ្ងៃ ពីប្រហែល ១ សប្ដាហ៍កាលពីមុន ខណៈអត្រាខូចធ្លាក់ចុះពី ១០% មកត្រឹម ៣%។ តម្លៃទុរេនលក់រាយនៅ Chengdu បានធ្លាក់ចុះពី ៧០ យ៉ន់ មកត្រឹមប្រហែល ៤០ យ៉ន់ក្នុងមួយគីឡូក្រាម។ នេះបើតាមកាសែត China Daily។
គួរគូសបញ្ជាក់ថា ចិនគឺជាទីផ្សារទុរេនធំបំផុតរបស់ពិភពលោក ដោយនាំចូលក្នុងតម្លៃ ៧,៥ ប៊ីលានដុល្លារកាលពីឆ្នាំមុន។ ក្នុងនោះ ថៃផ្គត់ផ្គង់ ៤ ប៊ីលានដុល្លារ វៀតណាម ៣,៤ ប៊ីលានដុល្លារ រីឯកម្ពុជា ម៉ាឡេស៊ី ឡាវ និងហ្វីលីពីន មានចំណែកទីផ្សារតូចតាច។
អ្នកជំនាញទុរេនបានប្រាប់ SCMP ថា ការដឹកជញ្ជូនតាមផ្លូវដែកផ្តល់ជម្រើសថោកជាងផ្លូវអាកាស និងលឿនជាងផ្លូវសមុទ្រ ដោយមានហានិភ័យខូចផ្លែទាបជាង។ ផ្លូវរថភ្លើងចិន-ឡាវ កំពុងក្លាយជាផ្លូវសំខាន់សម្រាប់នាំចេញទុរេន ដោយធ្វើឱ្យមានតុល្យភាពរវាងល្បឿន ថ្លៃដើម និងការរក្សាគុណភាព។
គួរកត់សម្គាល់ថា ខណៈការផ្គត់ផ្គង់កើនឡើង អ្នកប្រើប្រាស់ចិនកំពុងផ្តោតលើគុណភាពកាន់តែខ្លាំង ជំរុញឱ្យក្រុមហ៊ុននាំចេញរឹតបន្តឹងស្តង់ដារ និងប្រើប្រាស់បច្ចេកវិទ្យាដូចជាប្រព័ន្ធតម្រៀប AI និងតាមដាន QR។ រីឯម៉ាឡេស៊ីវិញ កំពុងធ្វើការជាមួយចិនដើម្បីការពារការដាក់ឈ្មោះ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃទុរេនលំដាប់ខ្ពស់របស់ខ្លួន ចំពេលមានកង្វល់ពីការក្លែងបន្លំ។ អ្នកជំនាញបានសន្និដ្ឋានថា ការប្រកួតប្រជែងកំពុងផ្លាស់ប្តូរពីតម្លៃទៅលើគុណភាព៕
