នាព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា នេះ បានកើតឡើងនូវហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ នៅឯព្រលានយន្តហោះអន្តរជាតិ Tribhuvan ប្រទេសនេប៉ាល់ ខណៈដែលយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍តួកគីអ៊ែរឡាញ បានឆាបឆេះកង់ផ្នែកខាងក្រោមភ្លាមៗ ក្រោយពេលចុះចតដល់ដី។
យោងតាមសារព័ត៌មាន AnewZ ហេតុការណ៍នេះបានបង្កឱ្យមានការរំខានដល់ប្រតិបត្តិការហោះហើរទាំងមូល ខណៈក្រុមអ្នកពន្លត់អគ្គិភ័យបានប្រញាប់ប្រញាល់ចេញទៅអន្តរាគមន៍ភ្លាមៗ។

ក្រោមស្ថានភាពអាសន្ន អ្នកដំណើរទាំងអស់ត្រូវបានជម្លៀសចេញតាមច្រកទ្វារអាសន្នយ៉ាងប្រញាប់ប្រញាល់ ខណៈកងកម្លាំងពន្លត់អគ្គិភ័យបានខិតខំបាញ់ពន្លត់អណ្តាតភ្លើងដែលកំពុងឆាបឆេះនៅត្រង់កង់យន្តហោះ។ លោក Raj Kumar Silwal មន្ត្រីនៅទីនោះបានបញ្ជាក់ថា យន្តហោះប្រភេទ Airbus A333 ដែលហោះហើរមកពីទីក្រុងអ៊ីស្តង់ប៊ុល មានអ្នកដំណើរ ២៧៦នាក់ និងក្រុមការងារ ១១នាក់ ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព គ្មាននរណាម្នាក់រងគ្រោះថ្នាក់ឡើយ។
ដោយសារយន្តហោះជួបបញ្ហានៅចំកណ្តាលផ្លូវរត់ ទើបបង្ខំឱ្យព្រលានយន្តហោះផ្អាកការហោះឡើង និងចុះចតជាបណ្តោះអាសន្ន។ លោក Gyanendra Bhul មន្ត្រីព័ត៌មាននៃអាជ្ញាធរអាកាសចរស៊ីវិលនេប៉ាល់ បានឱ្យដឹងថា ក្រោយគ្រប់គ្រងស្ថានការណ៍អគ្គិភ័យបាន ក្រុមការងារបច្ចេកទេសកំពុងប្រញាប់អូសយន្តហោះចេញពីផ្លូវរត់ ដើម្បីបើកដំណើរការព្រលានយន្តហោះឡើងវិញឱ្យបានឆាប់៕
ប្រែសម្រួល៖ ឈាង
