
ក្នុងត្រីមាសទី១ ដើមឆ្នាំនេះ ម៉ាឡេស៊ីបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ១០,៦ លាននាក់ កើនឡើង ៥% ធៀបនឹងឆ្នាំមុន ដែលជាតួលេខខ្ពស់បំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Malay Mail។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី លោក Tiong King Sing បានថ្លែងថា ចំនួនភ្ញៀវទេសចរនៅតែបន្តកើនឡើង ទោះបីមានជម្លោះនៅមជ្ឈិមបូព៌ាក៏ដោយ។ លោកបញ្ជាក់ថា ខណៈភ្ញៀវមកពីមជ្ឈិមបូព៌ាធ្លាក់ចុះ ប៉ុន្តែភ្ញៀវមកពីអាស៊ី និងអឺរ៉ុបបានកើនឡើងវិញ។

ការផ្លាស់ប្តូរដ៏គួរឱ្យកត់សម្គាល់នេះ បានធ្វើឱ្យថៃដែលធ្លាប់ជាទិសដៅកំពូលនៅតំបន់ ធ្លាក់មកលេខ ២ វិញ ដោយទទួលភ្ញៀវបានត្រឹម ៩,៣ លាននាក់ ធ្លាក់ចុះ ២,៣%។ រីឯវៀតណាមវិញ ទទួលបាន ៦,៧៦ លាននាក់ ដែលជាតួលេខត្រីមាសខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រប្រទេសនេះ។
គេមើលឃើញថា ម៉ាឡេស៊ីបានក្លាយជាទិសដៅទេសចរណ៍កំពូលនៅអាស៊ីអាគ្នេយ៍ ដែលជំរុញដោយគោលនយោបាយទិដ្ឋាការ និងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ។ កាលពីឆ្នាំ ២០២៥ ម៉ាឡេស៊ីទទួលភ្ញៀវបាន ៤២,២ លាននាក់ ហើយឆ្នាំនេះកំណត់គោលដៅដល់ទៅ ៤៧ លាននាក់៕
