កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ លោក តុប ឈុនសុង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនបរទេសសរុបចំនួន ២២នាក់ ក្នុងនោះរួមមានជនជាតិចិនចំនួន២០នាក់ និងរុស្សី២នាក់ (ស្រី១នាក់) ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយមានការរៀបចំជាក្រុម ប្រព្រឹត្តនៅកម្ពុជា។

នេះបើតាមលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។
តាមប្រភពដដែល ជនត្រូវចោទទាំងអស់ត្រូវបានចោទប្រកាន់ពីបទ រៀបចំ ឬដឹកនាំមជ្ឈមណ្ឌលល្បែងតាមប្រព័ន្ធបច្ចេកវិទ្យា ប្រព្រឹត្តនៅចំណុចបន្ទប់លេខ ៣២០៥ ជាន់ទី៣២ អគារបាវលី (BAOLI INTER CITY) ភូមិ៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីអំឡុងខែមេសា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៦ កថាខណ្ឌទី១ នៃច្បាប់ស្តីពីការប្រឆាំងការល្បែងតាមប្រព័ន្ធបច្ចេកវិទ្យា។
យោងតាមដីកាចំនួន ២២ ផ្សេងគ្នារបស់ចៅក្រមស៊ើបសួរ បានឱ្យភ្នាក់ងារមានសមត្ថកិច្ចធ្វើការនាំខ្លួនជនត្រូវចោទទាំង ២២នាក់ ទៅកាន់មណ្ឌលឃុំខ្លួនតាមការកំណត់របស់តុលាការ ពោលគឺជនត្រូវចោទចំនួន ២១នាក់ (ប្រុស) បញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគាររាជធានីភ្នំពេញ (PJ) និងជនត្រូវចោទចំនួន ១នាក់ (ស្រី) ត្រូវបានបញ្ជូនទៅឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី២ (ម២)។
សូមរម្លឹកថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានអនុម័តកាលពីថ្ងៃទី៦ ខែមេសា និងបានកំពុងអនុវត្តន៍ចាប់តាំងពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦មក។ ជាមួយច្បាប់នេះ បទល្មើសព្រហ្មទណ្ឌថ្មីចំនួន៥ ត្រូវបានបង្កើតឡើង គឺរួមមានៈ ១- បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២- បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោក ៣- បទជ្រើសរើស ឬបណ្តុះបណ្តាលអ្នកដទៃឱ្យចូលរួមឆបោក ៤- បទប្រមូលឯកសារសម្គាល់អត្តសញ្ញាណដោយទុច្ចរិត និង៥- ទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។ បទល្មើសទាំងនេះកំណត់ដាក់ទោសជនល្មើសត្រូវប្រឈមនឹងការជាប់ពន្ធនាគារខ្ពស់បំផុតរហូតដល់មួយជីវិត និងពិន័យជាប្រាក់ដល់ទៅ ១ ០០០លានរៀល ព្រមទាំងការរឹបអូសទ្រព្យសម្បត្តិផងដែរ។
