ពូទីនបើកទ្វារជួបហ្សេលេនស្គីគ្រប់ទីកន្លែង តែអ៊ុយក្រែនត្រូវតែទទួលលក្ខខណ្ឌរុស្ស៊ីជាមុន

ពូទីនបើកទ្វារជួបហ្សេលេនស្គីគ្រប់ទីកន្លែង តែអ៊ុយក្រែនត្រូវតែទទួលលក្ខខណ្ឌរុស្ស៊ីជាមុន

ស្របពេលដែលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនកាន់តែលេចចេញសញ្ញាឈានដល់ទីបញ្ចប់នោះ មេដឹកនាំវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន បានប្រកាសថាលោកព្រមជួបជាមួយប្រមុខរដ្ឋាភិបាលទីក្រុងកៀវ វ៉ូឡូឌីមៀរ ហ្សេលេនស្គី នៅឯណាក៏បានដែរ ប៉ុន្តែជំនួបនេះនឹងកើតឡើងបានលុះត្រាតែអ៊ុយក្រែនគោរពតាមលក្ខខណ្ឌរបស់រុស្ស៊ីជាមុនសិន។

ពូទីន

ក្នុងសន្និសីទកាសែតក្រោយអបអរទិវាជ័យជម្នះ កាលពីថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២៦ លោកពូទីនបញ្ជាក់ថា អ៊ុយក្រែនត្រូវតែឯកភាពចំពោះកិច្ចព្រមព្រៀងសន្តិភាពរយៈពេលវែងចុងក្រោយដែលត្រូវបានរៀបចំរួចរាល់សម្រាប់ការចុះហត្ថលេខាជាមុនសិន។

លោកពូទីនថ្លែងថា៖ «យើងអត់ដែលបដិសេធទេចំពោះការជួបគ្នាដោយផ្ទាល់ជាមួយលោកហ្សេលេនស្គី! នៅកន្លែងណាក៏បាន ប្រទេសទី៣ក៏បាន ប៉ុន្តែត្រូវធ្វើតាមលក្ខខណ្ឌសិន។ ជំនួបនោះត្រូវក្លាយជាពិធីចុះហត្ថលេខាចុងក្រោយតែម្តងទៅ ហើយមិនបាច់ចរចាអ្វីទៀតទេ»។

ការអះអាងរបស់លោកពូទីនកើតឡើងភ្លាមៗបន្ទាប់ពីប្រធានាធិបតីរុស្ស៊ីរូបនេះបញ្ជាក់ថា សង្គ្រាមនៅអ៊ុយក្រែនអាចនឹង «ឈានដល់ទីបញ្ចប់»។ ថ្លែងទៅកាន់អ្នកយកព័ត៌មាន លោកពូទីនបានស្តីបន្ទោស «ឥស្សរជនសកលនិយម» លោកខាងលិចចំពោះសង្គ្រាមនេះ ដោយនិយាយថាពួកគេសន្យាថាអង្គការណាតូនឹងមិនពង្រីកខ្លួនទៅទិសខាងកើតទេ បន្ទាប់ពីការដួលរលំនៃជញ្ជាំងបែរឡាំងឆ្នាំ១៩៨៩ ប៉ុន្តែបន្ទាប់មកបែរជាព្យាយាមទាញអ៊ុយក្រែនឲ្យចូលទៅក្នុងគន្លងរបស់សហភាពអឺរ៉ុបទៅវិញ។

សូមជម្រាបថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនផ្ទុះឡើងជាទ្រង់ទ្រាយធំនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ពេលរុស្ស៊ីបើកការវាយលុកចូលអ៊ុយក្រែន ក្នុងអ្វីដែលរុស្ស៊ីហៅថា «ប្រតិបត្តិការយោធាពិសេស»។ ហេតុផលចម្បងគឺការពង្រីកខ្លួនរបស់ណាតូ និងបញ្ហាតំបន់ Donbas ដែលលោកពូទីនអះអាងថាប្រជាជននៅទីនោះរងការធ្វើទុក្ខបុកម្នេញពីសំណាក់អ៊ុយក្រែន៕

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles