តេហេរ៉ង់ដាក់លក្ខខណ្ឌ៨ចំណុចសន្តិភាព ត្រាំបដិសេធដាច់ខាត

តេហេរ៉ង់ដាក់លក្ខខណ្ឌ៨ចំណុចសន្តិភាព ត្រាំបដិសេធដាច់ខាត

ទីក្រុងតេហេរ៉ង់៖ អ៊ីរ៉ង់បានឆ្លើយតបជាផ្លូវការចំពោះសំណើសន្តិភាពរបស់លោក ដូណាល់ ត្រាំ ដោយដាក់លក្ខខណ្ឌចំនួន៨ចំណុច ប៉ុន្តែត្រូវបានប្រធានាធិបតីអាមេរិកបដិសេធភ្លាមៗថា «មិនអាចទទួលយកបានទាំងស្រុង»។

អ៊ីរ៉ង់

បើតាមសារព័ត៌មានរដ្ឋអ៊ីរ៉ង់ Tasnim កាលពីថ្ងៃអាទិត្យ ទី១០ ខែឧសភា លក្ខខណ្ឌទាំង៨របស់ទីក្រុងតេហេរ៉ង់រួមមាន៖ បញ្ចប់សង្គ្រាមជាបន្ទាន់ ធានាថាអ៊ីរ៉ង់នឹងមិនរងការវាយប្រហារម្ដងទៀត ដកទណ្ឌកម្មសហរដ្ឋអាមេរិកចេញ បញ្ចប់ការប្រយុទ្ធគ្នានៅគ្រប់សមរភូមិ អ៊ីរ៉ង់ត្រូវគ្រប់គ្រងច្រកសមុទ្រ Hormuz កងទ័ពជើងទឹកអាមេរិកត្រូវបញ្ចប់ការបិទខ្ទប់ផ្លូវទឹក លុបចោលទណ្ឌកម្មលើវិស័យប្រេងក្នុងរយៈពេល៣០ថ្ងៃ និងបញ្ចេញទ្រព្យសម្បត្តិអ៊ីរ៉ង់ដែលត្រូវបានបង្កកមកវិញ។

ក្នុងសារបង្ហោះលើបណ្តាញសង្គម Truth Social លោកត្រាំបានសរសេរថា៖ «ខ្ញុំទើបតែអានការឆ្លើយតបពីអ្នកដែលហៅថា “តំណាង” របស់អ៊ីរ៉ង់។ ខ្ញុំមិនចូលចិត្តទេ – គឺមិនអាចទទួលយកបានទាំងស្រុងតែម្តង»។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន អាមេរិកបានបញ្ជូនសំណើសន្តិភាព១៤ចំណុចទៅអ៊ីរ៉ង់ ដោយមានចំណុចសំខាន់ៗដូចជា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ការផ្អាកចម្រាញ់អ៊ុយរ៉ាញ៉ូម និងការដកទណ្ឌកម្មជាដំណាក់កាល។ លោកត្រាំបានព្រមានទៀតថា បើអ៊ីរ៉ង់មិនព្រមចុះកិច្ចព្រមព្រៀងទេ ពួកគេនឹងរងការវាយប្រហារធ្ងន់ធ្ងរ និងសាហាវជាងនេះទៅទៀត៕

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles