វិវាទដីធ្លីរាប់សតវត្ស៖ វ៉េណេស៊ុយអេឡា នឹងហ្គីយ៉ាន ប្រឈមមុខគ្នានៅ ICJ ដណ្តើមទឹកដីសម្បូរប្រេង និងមាស

វិវាទដីធ្លីរាប់សតវត្ស៖ វ៉េណេស៊ុយអេឡា នឹងហ្គីយ៉ាន ប្រឈមមុខគ្នានៅ ICJ ដណ្តើមទឹកដីសម្បូរប្រេង និងមាស

ការប្រកួតប្រជែងផ្លូវច្បាប់ដ៏ធំមួយ កំពុងឈានចូលដល់វគ្គផ្ដាច់ព្រ័ត្រ នៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ប្រទេសហូឡង់ រវាងប្រទេសវ៉េណេស៊ុយអេឡា និងហ្គីយ៉ាន។

តុលាការ ICJ

លោកស្រី Delcy Rodríguez ប្រធានាធិបតីស្តីទីនៃវ៉េណេស៊ុយអេឡា បានដឹកនាំគណៈប្រតិភូទៅកាន់ទីក្រុងឡាអេ កាលពីថ្ងៃអាទិត្យ ដើម្បីត្រៀមការពារក្តីជាលើកចុងក្រោយ ក្នុងវិវាទដីធ្លីដ៏រ៉ាំរ៉ៃអូសបន្លាយជាងមួយសតវត្សរ៍។

យោងតាម Washington Times ជម្លោះនេះ ផ្ដោតសំខាន់ទៅលើការដណ្តើមកាន់កាប់តំបន់ Essequibo ដែលជាទឹកដីព្រៃភ្នំដ៏ធំល្វឹងល្វើយ មានទំហំជិត ១៦ម៉ឺនគីឡូម៉ែត្រការ៉េ។ តំបន់នេះ សម្បូរទៅដោយធនធានធម្មជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ រួមមាន មាស ពេជ្រ ឈើប្រណីត និងជាពិសេសប្រេងកាត ដែលត្រូវបានរកឃើញយ៉ាងច្រើននៅតាមបណ្តោយឆ្នេរសមុទ្រ។

វ៉េណេស៊ុយអេឡា បានអះអាងថា តំបន់ Essequibo ជារបស់ខ្លួនតាំងពីសម័យអាណានិគមអេស្ប៉ាញ ប៉ុន្តែការសម្រេចរបស់ក្រុមអាជ្ញាកណ្តាលអន្តរជាតិកាលពីឆ្នាំ១៨៩៩ បានប្រគល់ទឹកដីភាគច្រើនទៅឱ្យហ្គីយ៉ានវិញ។

ក្រោយពីចុះដល់ទីក្រុង Amsterdam លោកស្រី Rodríguez បានថ្លែងថា វ៉េណេស៊ុយអេឡាមានភស្តុតាងប្រវត្តិសាស្ត្រគ្រប់គ្រាន់ ដើម្បីបញ្ជាក់ថាទឹកដីនេះជារបស់ខ្លួន។ លោកស្រី នឹងថ្លែងសុន្ទរកថាបិទសំណុំរឿងនៅថ្ងៃចន្ទនេះ ខណៈដែល ICJ អាចចំណាយពេលរាប់ខែ មុននឹងចេញសេចក្តីសម្រេចជាស្ថាពរ។

ម្ខាងទៀត រដ្ឋមន្ត្រីការបរទេសហ្គីយ៉ាន លោក Hugh Hilton Todd បានប្រៀបធៀបវិវាទនេះថា ជា«ស្រមោលអាក្រក់» ដែលតាមលងបន្លាចអធិបតេយ្យភាពរបស់ប្រទេសលោក។ លោកបានព្រមានថា ប្រសិនបើហ្គីយ៉ានចាញ់ក្តី ប្រទេសនឹងបាត់បង់ទឹកដីរហូតដល់ទៅ ៧០ភាគរយ នៃប្រទេសទាំងមូល។

គួរបញ្ជាក់ថា ទោះបីវ៉េណេស៊ុយអេឡាចូលរួមតតាំងក្តីក៏ដោយ ក៏រដ្ឋាភិបាលលោកស្រី Rodríguez បានព្រមានទុកជាមុនដែរថា ខ្លួនមិនទាន់ទទួលស្គាល់អំណាចពេញលេញរបស់ ICJ ទាំងស្រុងនោះទេ។

administrator

Related Articles