បទឈប់បាញ់​គ្មាន​ន័យ! អ៊ីស្រាអែល​នៅតែ​បន្ត​សម្លាប់​ជនស៊ីវិល​លីបង់​ជាង​៥០នាក់​ក្នុង​២៤ម៉ោង

បទឈប់បាញ់​គ្មាន​ន័យ! អ៊ីស្រាអែល​នៅតែ​បន្ត​សម្លាប់​ជនស៊ីវិល​លីបង់​ជាង​៥០នាក់​ក្នុង​២៤ម៉ោង

ក្រសួង​សុខាភិបាល​លីបង់​បាន​ចេញ​របាយការណ៍​បង្ហាញ​ថា ក្នុង​រយៈពេល​ត្រឹម​តែ ២៤ម៉ោង​ប៉ុណ្ណោះ ការ​វាយប្រហារ​របស់​អ៊ីស្រាអែល​នៅ​តំបន់​ភាគ​ខាង​ត្បូង​លីបង់​បាន​ឆក់​យក​ជីវិត​មនុស្ស​រហូត​ដល់ ៥១នាក់ រួម​ទាំង​បុគ្គលិក​ពេទ្យ ២រូប​ផង​ដែរ។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន Al Jazeera នៅ​ថ្ងៃ​ទី ១០ ឧសភា ២០២៦។

Israel attacks Lebanon

ក្រសួង​បាន​ថ្លែង​ថា៖ «សត្រូវអ៊ីស្រាអែល​នៅ​តែ​បន្ត​រំលោភ​ច្បាប់​អន្តរជាតិ និង​បទដ្ឋាន​មនុស្សធម៌ ដោយ​បន្ថែម​ឧក្រិដ្ឋកម្ម​មួយ​ទៀត​ប្រឆាំង​នឹង​គ្រូពេទ្យ​សង្គ្រោះបន្ទាន់ ព្រោះ​ពួកគេ​បាន​កំណត់​គោលដៅ​ផ្ទាល់​ទៅ​លើ​មូលដ្ឋាន​សុខាភិបាល​ពីរ​នៅ​តំបន់ Qalawiya និង Tibnin ស្រុក Bint Jbeil»។

គួរ​បញ្ជាក់​ថា ទោះ​បី​ជា​មាន​បទឈប់បាញ់​ដែល​សម្របសម្រួល​ដោយ​សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃ​ទី ១៦ ខែមេសា ឆ្នាំ ២០២៦ ក៏​ដោយ ក៏​អ៊ីស្រាអែល​នៅ​តែ​វាយប្រហារ​មក​លើ​លីបង់​ស្ទើរ​រៀងរាល់​ថ្ងៃ។ ក្រសួង​សុខាភិបាល​លីបង់​បន្ថែម​ថា មនុស្ស​ចំនួន ២,៨៤៦នាក់​ត្រូវ​បាន​សម្លាប់​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​ថ្ងៃ​ទី ២ ខែមីនា ពេល​ដែល​កង​កម្លាំង​អ៊ីស្រាអែល​បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​យោធា​ថ្មី។

យោង​តាម​អង្គការ​សហប្រជាជាតិ (UN) បុគ្គលិក​ពេទ្យ​លីបង់​យ៉ាង​ហោចណាស់ ១០៣នាក់​ត្រូវ​បាន​សម្លាប់ និង ២៣០នាក់​ផ្សេង​ទៀត​រង​របួស ក្នុង​ការ​វាយប្រហារ​ជាង ១៣០ដង​របស់​អ៊ីស្រាអែល។ លោក Ali Safiuddin ប្រធាន​ការពារ​ជនស៊ីវិល​លីបង់​នៅ​ទីក្រុង Tyre បាន​ឲ្យ​ដឹង​ថា៖ «យើង​ស្ថិត​នៅ​ក្រោម​ការ​គំរាមកំហែង​រៀងរាល់​វិនាទី។ យើង​បាត់បង់​មនុស្ស​ជាច្រើន ហើយ​វា​មាន​អារម្មណ៍​ថា​យើង​បាន​បាត់បង់​ទៅ​ហើយ​ដែរ»។

សូម​បញ្ជាក់​ផង​ដែរ​ថា ការ​វាយប្រហារ​របស់​អ៊ីស្រាអែល​បាន​ធ្វើ​ឲ្យ​ប្រជាជន​លីបង់​ជាង ១,២លាន​នាក់​ផ្លាស់​ទី​លំនៅ ចាប់​តាំង​ពី​ថ្ងៃ​ទី ២ ខែមីនា ឆ្នាំ ២០២៦។

administrator

Related Articles