ក្រសួងការបរទេសកាតា បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យ ទី១០ ខែឧសភា ថា នាយករដ្ឋមន្ត្រីកាតា លោក Mohammed bin Abdulrahman Al Thani បានដាស់តឿនរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi កុំឱ្យប្រើច្រកសមុទ្រ Hormuz ជា «ឧបករណ៍សម្រាប់ដាក់សម្ពាធ» ដោយព្រមានថាវានឹងធ្វើឱ្យវិបត្តិក្នុងតំបន់ឈូងសមុទ្រកាន់តែធ្ងន់ធ្ងរឡើង។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Jerusalem ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ លោក Al Thani បានសង្កត់ធ្ងន់ថា គ្រប់ភាគីជម្លោះគួរឆ្លើយតបចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដើម្បីបញ្ចប់សង្គ្រាម។

សេចក្តីថ្លែងការណ៍បញ្ជាក់ថា លោក Al Thani បានគូសបញ្ជាក់ថា «សេរីភាពនៃការធ្វើនាវាចរណ៍គឺជាគោលការណ៍គ្រឹះដែលមិនអាចរំលោភបំពានបាន ហើយការបិទច្រកសមុទ្រ Hormuz ឬការប្រើវាជាសន្លឹកបៀសម្រាប់ដាក់សម្ពាធ មានតែធ្វើឱ្យវិបត្តិកាន់តែរីករាលដាលប៉ុណ្ណោះ»។
ទន្ទឹមនេះ ក្រសួងការពារជាតិនៃប្រទេសអារ៉ាប់រួម (UAE) បានប្រកាសថា ប្រព័ន្ធការពារអាកាសរបស់ខ្លួនបានបាញ់ស្ទាក់ និងកម្ទេចដ្រូនចំនួន ២ គ្រឿង ដែលហោះចេញពីប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ។ ការវាយប្រហារនេះកើតឡើងចំពេលដែលភាពតានតឹងក្នុងតំបន់កំពុងផ្ទុះឡើងជាថ្មី បើទោះបីជាមានការប្រកាសបទឈប់បាញ់កាលពីពេលថ្មីៗនេះក៏ដោយ។
