លោក ត្រាំ ដឹកនាំ Elon Musk និង Tim Cook ចរចារកស៊ីយក្សនៅចិន

លោក ត្រាំ ដឹកនាំ Elon Musk និង Tim Cook ចរចារកស៊ីយក្សនៅចិន

នៅក្នុងដំណើរទៅកាន់ទីក្រុងប៉េកាំងលើកនេះ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មិនបានទៅតែម្នាក់ឯងនោះទេ ប៉ុន្តែលោកបាននាំយកមេដឹកនាំក្រុមហ៊ុនយក្សៗរបស់អាមេរិកចំនួន ១៦រូប ទៅជាមួយផងដែរ ដើម្បីជួបពិភាក្សាជាមួយលោកប្រធានាធិបតីចិន ស៊ី ជិនពីង។

យោងតាមសារព័ត៌មាន UPI កាលពីថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ សេតវិមាន បានបញ្ចេញបញ្ជីឈ្មោះអ្នកជំនួញខ្លាំងៗទាំងនោះ ដែលក្នុងនោះរួមមានទាំង លោក Elon Musk ម្ចាស់ក្រុមហ៊ុន Tesla និងលោក Tim Cook មេធំរបស់ Apple រួមទាំងថ្នាក់ដឹកនាំមកពីក្រុមហ៊ុនល្បីៗផ្សេងទៀតដូចជា Boeing និង BlackRock ជាដើម។

Elon Musk និង Tim Cook

ទោះបីជាមេដឹកនាំក្រុមហ៊ុន Cisco មិនអាចចូលរួមបាន ប៉ុន្តែលោក ត្រាំ នៅតែមានជំនួយការផ្នែកសេដ្ឋកិច្ចយ៉ាងក្រាស់ក្រែលមកពីក្រុមហ៊ុនបច្ចេកវិទ្យា និងធនាគារធំៗជាច្រើនទៀតដូចជា Meta, Goldman Sachs, Mastercard និង Visa ជាដើម។ វត្តមានរបស់មហាសេដ្ឋី និងអ្នកគ្រប់គ្រងក្រុមហ៊ុនទាំងនេះ គឺដោយសារតែពួកគេសុទ្ធតែមានមុខជំនួញធំៗកំពុងដំណើរការនៅក្នុងប្រទេសចិន ដែលតម្រូវឱ្យមានការជជែកគ្នាឱ្យបានច្បាស់លាស់ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច។

នៅក្នុងជំនួបដ៏សំខាន់ក្នុងសប្តាហ៍នេះទៀតសោត លោក ត្រាំ មានគម្រោងជជែកអំពីបញ្ហាធំៗជាច្រើន រាប់តាំងពីរឿងពាណិជ្ជកម្ម បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បញ្ហាកោះតៃវ៉ាន់ រហូតដល់រឿងសង្គ្រាមនៅអ៊ីរ៉ង់។ អ្វីដែលពិសេសនោះ គឺលោកចង់បង្កើតក្រុមប្រឹក្សាវិនិយោគ និងពាណិជ្ជកម្មរួមគ្នាជាមួយចិន ដើម្បីឱ្យការរកស៊ីរវាងប្រទេសទាំងពីរមានភាពរលូន និងចំណេញកាន់តែច្រើន។

បន្ថែមពីនោះ លោក ត្រាំ បានប្រាប់ថា ការរកស៊ីជាមួយចិននៅពេលនេះ គឺជាការរកស៊ីដែលឆ្លាតវៃបំផុត។ លោកបានបញ្ជាក់ដោយក្តីជឿជាក់ថា កាលពីមុន អាមេរិកហាក់ដូចជាចាញ់ប្រៀបគេក្នុងរឿងជំនួញ ក្រោមការដឹកនាំរបស់ប្រធានាធិបតីមុនៗ ប៉ុន្តែសម្រាប់ពេលនេះ លោកយល់ថា អាមេរិកកំពុងដើរលើផ្លូវត្រូវ និងអាចរកចំណូលបានយ៉ាងច្រើនសន្ធឹកសន្ធាប់ពីទីផ្សារប្រទេសចិនវិញ។

administrator

Related Articles