វ៉េណេស៊ុយអេឡា បដិសេធមិនក្លាយជា «រដ្ឋទី៥១» របស់អាមេរិក ខណៈត្រាំស្រមៃចង់បាន

វ៉េណេស៊ុយអេឡា បដិសេធមិនក្លាយជា «រដ្ឋទី៥១» របស់អាមេរិក ខណៈត្រាំស្រមៃចង់បាន

ទោះបីលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានលើកឡើងពីក្តីស្រមៃចង់បញ្ចូលវ៉េណេស៊ុយអេឡាជារដ្ឋទី៥១ ក៏ដោយ ក៏រដ្ឋាភិបាលថ្មីរបស់ប្រទេសនេះបានប្រកាសបដិសេធយ៉ាងដាច់អហង្ការ។

អ្នកស្រី Delcy Rodriguez

តាមការផ្សាយរបស់ The Hill កាលពីថ្ងៃទី១១ ឧសភា អ្នកស្រី Delcy Rodriguez ប្រធានាធិបតីស្តីទីវ៉េណេស៊ុយអេឡា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅទីក្រុងឡាអេថា ប្រជាជាតិនេះតែងតែឱ្យតម្លៃបំផុតលើឯករាជ្យភាព និងវីរភាពរបស់ដូនតា ដូច្នេះការក្លាយជាផ្នែកមួយនៃសហរដ្ឋអាមេរិក គឺមិនអាចទៅរួចឡើយ។

ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់នេះ កើតឡើងបន្ទាប់ពីលោក ត្រាំ បានបង្ហើបប្រាប់ Fox News ថា លោកកំពុងពិចារណាបញ្ចូលវ៉េណេស៊ុយអេឡាជារដ្ឋទី៥១។ ចាប់តាំងពីអាមេរិកចាប់ខ្លួនអតីតមេដឹកនាំ នីកូឡាស ម៉ាឌូរ៉ូ កាលពីដើមឆ្នាំ២០២៦ លោក ត្រាំ តែងបង្ហាញមោទកភាពចំពោះការមានឥទ្ធិពលលើប្រទេសដែលសម្បូរប្រេងកាតនេះ។

ទោះបដិសេធក្តីស្រមៃរបស់ត្រាំ ក៏អ្នកស្រី Rodriguez បានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកស្រីកំពុងសហការជិតស្និទ្ធជាមួយទីក្រុងវ៉ាស៊ីនតោន។ ចាប់តាំងពីឡើងដឹកនាំ អ្នកស្រីបានធ្វើកំណែទម្រង់អនុញ្ញាតឱ្យក្រុមហ៊ុនអាមេរិកចូលវិនិយោគលើវិស័យរ៉ែ និងប្រេងកាត ដែលធ្វើឱ្យលោក ត្រាំ សរសើរអ្នកស្រីមិនដាច់ពីមាត់។ លើសពីនេះ អ្នកស្រីក៏បានជំរុញឱ្យមានការដោះលែងអ្នកទោសនយោបាយរាប់រយនាក់ផងដែរ។

គួរបញ្ជាក់ថា ទំនាក់ទំនងអាមេរិក-វ៉េណេស៊ុយអេឡា បានចាប់ផ្តើមកក់ក្តៅឡើងវិញ បន្ទាប់ពីកាត់ផ្តាច់អស់រយៈពេល ៧ឆ្នាំ។ ក៏ប៉ុន្តែ ក្រុមប្រឆាំងនៅតែទាមទារឱ្យមានការបោះឆ្នោតជាតិប្រកបដោយតម្លាភាព ដើម្បីកំណត់អនាគតប្រទេសជាតិ៕

លោក ត្រាំ

ប្រែសម្រួល៖ ឈាង

administrator

Related Articles