ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Galibaf បានប្រកាសកាលពីថ្ងៃចន្ទទី១១ ខែឧសភា ថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសលោក បានត្រៀមខ្លួនរួចជាស្រេចដើម្បី «ផ្ដល់មេរៀន» ដែលមិនអាចបំភ្លេចបានដល់អ្នកឈ្លានពានណាមួយ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា បទឈប់បាញ់ក្នុងតំបន់មជ្ឈិមបូព៌ាកំពុងស្ថិតក្នុងស្ថានភាពប្រកាសអាសន្នបំផុត។
សារព័ត៌មាន Anadolu របស់តួកគី បានស្រង់ការបង្ហោះលើបណ្ដាញសង្គម X របស់ លោក Galibaf ដែលសរសេរថា៖ «កងកម្លាំងប្រដាប់អាវុធរបស់យើងបានត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតប និងផ្ដល់មេរៀនចំពោះរាល់ការឈ្លានពានណាមួយ។ យុទ្ធសាស្ត្រខុស និងការសម្រេចចិត្តដ៏អាក្រក់ តែងតែនាំទៅរកលទ្ធផលអាក្រក់ ហើយពិភពលោកបានយល់ច្បាស់អំពីរឿងនេះរួចហើយ»។
យ៉ាងណាមិញ នៅក្នុងការបង្ហោះដាច់ដោយឡែកមួយទៀត ប្រធានសភាអ៊ីរ៉ង់រូបនេះ បានលើកឡើងថា «គ្មានជម្រើសផ្សេង» ក្រៅពីការទទួលយកសិទ្ធិរបស់ប្រជាជនអ៊ីរ៉ង់ ដូចដែលបានចែងនៅក្នុងសំណើ ១៤ ចំណុចរបស់ទីក្រុងតេហេរ៉ង់នោះទេ។ រាល់វិធីសាស្ត្រផ្សេងពីនេះ នឹងមិនទទួលបានលទ្ធផលអ្វីទាំងអស់ ពោលគឺគ្មានអ្វីក្រៅពីការបរាជ័យម្តងហើយម្តងទៀតនោះឡើយ។ ជាក់ស្ដែង «ពួកគេកាន់តែអូសបន្លាយពេលយូរវាកាន់តែអាក្រក់ ហើយអ្នកបង់ពន្ធជនជាតិអាមេរិក នឹងត្រូវចំណាយកាន់តែច្រើនសម្រាប់រឿងនេះ»។
ការលើកឡើងនេះបានកើតឡើង បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃចន្ទ ថា បទឈប់បាញ់ជាមួយអ៊ីរ៉ង់បច្ចុប្បន្នកំពុង «ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់បំផុត» បន្ទាប់ពីលោកបានទាត់ចោលការឆ្លើយតបរបស់ទីក្រុងតេហេរ៉ង់ ចំពោះសំណើស្វែងរកសន្តិភាពរបស់អាមេរិក ដោយលោកចាត់ទុកថា ជាការឆ្លើយតបដ៏ «ល្ងង់ខ្លៅ»។
មិនតែប៉ុណ្ណោះ ការបដិសេធយ៉ាងរហ័សរបស់លោក ត្រាំ ក៏បានបង្កឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ជម្លោះដែលបានអូសបន្លាយរយៈពេល ១០សប្តាហ៍មកនេះ នឹងបន្តអូសទាញ និងធ្វើឲ្យចរាចរណ៍នាវាចរណ៍តាមច្រកសមុទ្រ Hormuz បន្តជាប់គាំងដ៏អាក្រក់។
ជាមួយគ្នានេះ លោក ត្រាំ ក៏ត្រូវបានរំពឹងថា នឹងរៀបចំកិច្ចប្រជុំកម្រិតខ្ពស់ជាមួយក្រុមការងារសន្តិសុខជាតិរបស់លោក នៅថ្ងៃចន្ទដដែល ដើម្បីពិភាក្សាអំពីជម្រើសនៃការវាយប្រហារដែលអាចកើតមាន បន្ទាប់ពីបទឈប់បាញ់រយៈពេលប៉ុន្មានសប្តាហ៍កន្លងមក ដែលធ្លាប់បានធ្វើឲ្យការវាយប្រហាររវាងអាមេរិក និងអ៊ីរ៉ង់ត្រូវផ្អាកមួយរយៈធំនោះ បានឈានមកដល់ភាពរកាំរកូសជាថ្មី។
