វ៉ាស៊ីនតោន៖ នាយកប្រតិបត្តិក្រុមហ៊ុនយក្សលំដាប់ពិភពលោកដូចជា លោក អេឡុន ម៉ាសក៍ (Tesla, SpaceX), ធីម ឃុក (Apple), លោក Larry Culp (GE Aerospace) និងលោក Kelly Ortberg (Boeing) នឹងរួមដំណើរជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទៅកាន់ទីក្រុងប៉េកាំងនៅសប្តាហ៍នេះ ដើម្បីជួបប្រធានាធិបតីចិន ស៊ី ជីនពីង។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រដោយដកស្រង់ប្រភពពីសេតវិមាន។
បន្ថែមពីនេះ ប្រភពដដែលបានឲ្យដឹងថា ថ្នាក់ដឹកនាំក្រុមហ៊ុនល្បីៗផ្សេងទៀតដែលនឹងទៅជាមួយ ត្រាំ រួមមានលោកស្រី Dina Powell McCormick (Meta), លោក Larry Fink (BlackRock), Stephen Schwarzman (Blackstone), Sanjay Mehrotra (Micron), Michael Miebach (Mastercard), Cristiano Amon (Qualcomm) និង Ryan McInerney (Visa) ជាដើម។
លោក ត្រាំ គ្រោងចុះចតដល់ក្រុងប៉េកាំងនៅថ្ងៃពុធនេះ ដើម្បីជួបពិភាក្សាទ្វេភាគីជាមួយ ស៊ី ជីនពីង ដោយផ្តោតលើបញ្ហាពាណិជ្ជកម្ម រ៉ែកម្រ ជម្លោះអ៊ីរ៉ង់ និងបញ្ហាភូមិសាស្ត្រនយោបាយផ្សេងៗ។
តាមការរំពឹងទុក ចិននឹងប្រកាសទិញយន្តហោះ Boeing ផលិតកម្មកសិកម្ម និងថាមពលពីអាមេរិក។ បញ្ហាសំខាន់មួយទៀតគឺការពិភាក្សាបន្ថែមពេល «បទឈប់បាញ់សង្គ្រាមពាណិជ្ជកម្ម» ដើម្បីឲ្យចិនដកការរឹតត្បឹតនាំចេញរ៉ែកម្រ។
យោងតាមប្រភពឧស្សាហកម្ម ចិននិងក្រុមហ៊ុន Boeing បានពិភាក្សាគ្នាអំពីកិច្ចព្រមព្រៀងទិញយន្តហោះ Boeing 737 MAX ប្រហែល ៥០០ គ្រឿង និងយន្តហោះធំៗមួយចំនួនទៀត។ បើសម្រេចជោគជ័យ នេះនឹងក្លាយជាការបញ្ជាទិញ Boeing ដ៏ធំបំផុតរបស់ចិនចាប់តាំងពីឆ្នាំ ២០១៧ និងអាចជាការបញ្ជាទិញយន្តហោះធំជាងគេមិនធ្លាប់មាន។

ទោះជាយ៉ាងណា លោក Jensen Huang នាយកប្រតិបត្តិ Nvidia នឹងមិនចូលរួមដំណើរកម្សាន្តនេះទេ ខណៈសេតវិមានមិនបានអញ្ជើញលោក ដោយសាររដ្ឋបាល ត្រាំ ផ្តោតលើកិច្ចព្រមព្រៀងកសិកម្មនិងអាកាសចរណ៍ជាអាទិភាព។ គួររំលឹកថា លោក ត្រាំ និង Huang មានទំនាក់ទំនងជិតស្និទ្ធ ហើយលោក ត្រាំ ធ្លាប់អនុម័តការនាំចេញបន្ទះឈីប AI H200 របស់ Nvidia ទៅចិនពីមុនមក។
គួរជម្រាបថា ត្រាំ និង ស៊ី ធ្លាប់បានជួបផ្ទាល់មុខគ្នានៅកូរ៉េខាងត្បូងកាលពីខែតុលា ដែលពេលនោះភាគីទាំងពីរបានយល់ព្រមផ្អាកសង្គ្រាមពាណិជ្ជកម្មដែលផ្ទុះឡើងដោយសារពន្ធគយរបស់ ត្រាំ និងការឆ្លើយតបវាយបករបស់ចិន៕
