Palantir ផ្គត់ផ្គង់ AI របស់អាមេរិកឲ្យអ៊ីស្រាអែល ប្រើស៊ើបការណ៍និងវាយប្រហារគ្រប់ជម្លោះ

Palantir ផ្គត់ផ្គង់ AI របស់អាមេរិកឲ្យអ៊ីស្រាអែល ប្រើស៊ើបការណ៍និងវាយប្រហារគ្រប់ជម្លោះ

ក្រុមហ៊ុនបច្ចេកវិទ្យាវិភាគទិន្នន័យយក្សរបស់អាមេរិក Palantir កំពុងពង្រីកឥទ្ធិពលយ៉ាងខ្លាំងក្នុងប្រតិបត្តិការយោធាអ៊ីស្រាអែល តាមរយៈការផ្គត់ផ្គង់ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) សម្រាប់ស៊ើបការណ៍សម្ងាត់ និងកំណត់គោលដៅវាយប្រហារ។ នេះបើតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានតួកគី Anadolu ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។

ប្រព័ន្ធ AI យោធា

បច្ចេកវិទ្យារបស់ Palantir ត្រូវបានដាក់ពង្រាយក្នុងតំបន់ហ្គាហ្សា លីបង់ និងប្រតិបត្តិការទាក់ទងនឹងអ៊ីរ៉ង់ តាមរយៈកម្មវិធី Gotham, វេទិកាបញ្ញាសិប្បនិម្មិត (AIP), Foundry និង Skykit ដែលរួមបញ្ចូលគ្នានូវការវិភាគទិន្នន័យទ្រង់ទ្រាយធំ និងសមត្ថភាពស៊ើបការណ៍សម្ងាត់ចល័ត។

កាលពីឆ្នាំមុន Palantir បានចុះកិច្ចព្រមព្រៀងតម្លៃ ១០ប៊ីលានដុល្លារជាមួយយោធាអាមេរិក និងក្លាយជាដៃគូសំខាន់ក្នុងកម្មវិធី Maven របស់មន្ទីបញ្ចកោណ ប្រើ AI សម្រាប់កំណត់អត្តសញ្ញាណគោលដៅ និងវិភាគសមរភូមិ។

សហស្ថាបនិកក្រុមហ៊ុន លោក Alex Karp និង Peter Thiel បានជួបប្រជុំជាមួយប្រធានាធិបតីអ៊ីស្រាអែល Isaac Herzog កាលពីខែមករា ឆ្នាំ២០២៤ ឈានដល់កិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយកងទ័ពអ៊ីស្រាអែល។ ក្រោយមក Palantir ប្រកាសផ្តល់ការគាំទ្របច្ចេកវិទ្យា AI ផ្តោតលើការកំណត់គោលដៅ និងការវិភាគទិន្នន័យសម្រាប់បេសកកម្មសង្គ្រាម។

លោក Karp បានលើកឡើងថា តម្រូវការរបស់អ៊ីស្រាអែលសម្រាប់សេវាកម្មក្រុមហ៊ុនកើនឡើងខ្លាំង បន្ទាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលជាថ្ងៃអ៊ីស្រាអែលចាប់ផ្តើមយុទ្ធនាការប្រល័យពូជសាសន៍លើតំបន់ហ្គាហ្សា។

ប្រែដោយ៖ ណឺ មិនា

administrator

Related Articles