ប្រធានក្រុមការងារអង្គការសហប្រជាជាតិ (UN) ព្រមានថា មនុស្សរាប់សិបលាននាក់អាចប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរ ប្រសិនបើជីកសិកម្មមិនត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ច្រកសមុទ្រ Hormuz ក្នុងពេលឆាប់ៗនេះទេ ចំពេលដែលកសិករនៅទូទាំងពិភពលោកកំពុងដាំដុះដំណាំ។
អ៊ីរ៉ង់បានធ្វើឱ្យច្រកយុទ្ធសាស្រ្តហ័រមូសជាប់គាំង ដើម្បីសងសឹកចំពោះសង្គ្រាមចាប់ផ្តើមដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅថ្ងៃទី២៨ ខែកុម្ភៈ រំខានដល់ពាណិជ្ជកម្មជីដ៏សំខាន់ ព្រោះជីមួយភាគបីរបស់ពិភពលោកជាធម្មតាឆ្លងកាត់ច្រកនេះ។

លោក Jorge Moreira da Silva នាយកប្រតិបត្តិនៃការិយាល័យសេវាកម្មគម្រោងអង្គការសហប្រជាជាតិ (UNOPS) ប្រាប់ AFP ក្នុងបទសម្ភាសន៍មួយនៅទីក្រុងប៉ារីសថា៖ «យើងមានពេលពីរបីសប្តាហ៍ទៀត ដើម្បីទប់ស្កាត់វិបត្តិមនុស្សធម៌ដ៏ធំមួយ។ យើងអាចនឹងឃើញវិបត្តិមួយដែលនឹងបង្ខំមនុស្ស ៤៥លាននាក់បន្ថែមទៀត ធ្លាក់ចូលទៅក្នុងភាពអត់ឃ្លាន»។
អគ្គលេខាធិការអង្គការសហប្រជាជាតិបានបង្កើតក្រុមការងារនេះនៅក្នុងខែមីនា ដឹកនាំជាយន្តការមួយអនុញ្ញាតឱ្យជី និងវត្ថុធាតុដើមពាក់ព័ន្ធដូចជា អាម៉ូញាក់ ស្ពាន់ធ័រ និងអ៊ុយរ៉េ ឆ្លងកាត់ច្រកសមុទ្រមួយនេះ។
អស់រយៈពេលច្រើនសប្តាហ៍មកនេះ លោក Moreira da Silva ខិតខំបញ្ចុះបញ្ចូលភាគីជម្លោះអនុញ្ញាតឱ្យកប៉ាល់មួយចំនួនឆ្លងកាត់ និងចួបជាមួយប្រទេសជាង១០០ ដើម្បីប្រមូលការគាំទ្រ។ លោកបន្តថា ប្រទេសកាន់តែច្រើនកំពុងគាំទ្រផែនការនេះ ប៉ុន្តែសហរដ្ឋអាមេរិក និងអ៊ីរ៉ង់មិនទាន់គាំទ្រពេញលេញនៅឡើយទេ។

ក្តីសង្ឃឹមចុងក្រោយគឺសម្រាប់កិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង និងសេរីភាពនៃការធ្វើនាវាចរណ៍សម្រាប់ទំនិញទាំងអស់ឆ្លងកាត់ច្រកសមុទ្រ។ លោក Moreira da Silva ព្រមានថា រដូវដាំដុះមិនអាចរង់ចាំបានទេ ដោយជីមួយចំនួនត្រូវបញ្ចប់ទៅប្រទេសអាហ្វ្រិកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ។
ការផ្តោតអារម្មណ៍ជាសកលគឺទៅលើផលប៉ះពាល់សេដ្ឋកិច្ចនៃការជួញដូរប្រេង និងឧស្ម័ន ប៉ុន្តែអង្គការសហប្រជាជាតិកំពុងប្រកាសអាសន្នពីការគំរាមកំហែងចំពោះសន្តិសុខស្បៀងអាហាររបស់ពិភពលោក ដោយប្រទេសនៅអាហ្វ្រិក និងអាស៊ីទំនងជារងផលប៉ះពាល់ខ្លាំងជាងគេ។
