កាលពីថ្ងៃចន្ទ ទី១១ ខែឧសភា វិមានប្រធានាធិបតីកូរ៉េខាងត្បូង បានថ្កោលទោសក្នុងកម្រិតធ្ងន់ធ្ងរបំផុត ចំពោះការវាយប្រហារលើនាវាដឹកទំនិញដែលប្រតិបត្តិការដោយក្រុមហ៊ុនដឹកជញ្ជូនកូរ៉េ កាលពីដើមខែនេះ នៅច្រកសមុទ្រ Hormuz និងបានប្រកាសថា ខ្លួនមានផែនការឆ្លើយតបវិញ នៅពេលដែលប្រភពនៃអ្នកវាយប្រហារត្រូវបានកំណត់អត្តសញ្ញាណច្បាស់លាស់។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters មន្ត្រីវិមានប្រធានាធិបតីម្នាក់បាននិយាយថា អ្នកជំនាញបានធ្វើកោសល្យវិច័យបឋមលើការខូចខាតនៅផ្នែកខាងក្រោយនាវា ដែលការវាយប្រហារនោះបានបង្កឲ្យមានអគ្គិភ័យឆាបឆេះក្នុងបន្ទប់ម៉ាស៊ីនរបស់នាវា។
មន្ត្រីរូបនេះបានបញ្ជាក់ថា នាវាឈ្មោះ «Nam» ដែលប្រតិបត្តិការដោយក្រុមហ៊ុន HMM Co មិនបានរំលោភលើច្បាប់ណាមួយដែលមានប្រសិទ្ធភាពក្នុងអំឡុងពេលធ្វើនាវាចរណ៍នៅតំបន់ទឹកនៃសហអារ៉ាប់រួមនោះទេ។ ជាក់ស្ដែង ការវាយប្រហារលើនាវាពាណិជ្ជកម្មបែបនេះ គឺជាទង្វើដែលមិនអាចយកជាលេសបានឡើយ។
លោក Wi Sung-lac ទីប្រឹក្សាសន្តិសុខជាតិប្រធានាធិបតីកូរ៉េខាងត្បូង បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា «យើងថ្កោលទោសរឿងនេះក្នុងកម្រិតខ្លាំងក្លាបំផុត»។ លោកបានបន្ថែមថា ការខូចខាតលើនាវាត្រូវបានរកឃើញតាមរយៈការត្រួតពិនិត្យដោយមន្ត្រី និងអ្នកជំនាញកូរ៉េខាងត្បូង នៅកំពង់ផែមួយក្នុងទីក្រុងឌូបៃ។
មកទល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់ពីតួនាទីរបស់អ៊ីរ៉ង់នៅក្នុងការវាយប្រហារនេះនៅឡើយទេ ខណៈដែលទីក្រុងតេហេរ៉ង់ធ្លាប់បានបដិសេធរាល់ការទទួលខុសត្រូវចំពោះឧប្បត្តិហេតុនេះ។ កាលពីថ្ងៃច័ន្ទ ស្ថានទូតអ៊ីរ៉ង់ប្រចាំកូរ៉េខាងត្បូងបានចេញសេចក្តីថ្លែងការណ៍ថា ខ្លួនមិនទាន់មានជំហរអ្វីចំពោះបញ្ហានេះទេ ប៉ុន្តែនឹងប្រកាស ប្រសិនបើមានព័ត៌មានថ្មី ឬជំហរផ្លូវការណាមួយ។
ដោយឡែក ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងភ្លាមៗក្រោយកើតហេតុថា អ៊ីរ៉ង់គឺជាអ្នកបាញ់ប្រហារលើនាវាកូរ៉េខាងត្បូង ហើយលោកបានជម្រុញឲ្យទីក្រុងសេអ៊ូលចូលរួមជាមួយកិច្ចខិតខំប្រឹងប្រែងដឹកនាំដោយអាមេរិក ដើម្បីធានាសន្តិសុខនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រនេះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
