បុរស២នាក់ជាមិត្តភក្តិនិងគ្នាបានផឹកស្រាជាមួយគ្នា លុះអស់ស្រាផឹកទាស់សម្តីរហូតឈានដល់ការយកកាំបិតចាក់សម្លាប់បុរសម្នាក់បណ្តាលឲ្យស្លាប់ និងកុមារម្នាក់រងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង ២១:១៥ នាទី នៅចំណុចក្នុងផ្ទះជនរងគ្រោះ ភូមិ ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

លោកវរសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុងខេមរភូមិន្ទ បានឲ្យដឹងនៅព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០១៦ ថា ជនសង្ស័យមានឈ្មោះ សឿន ណាត ភេទប្រុស កើតថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ១៩៩៧ សញ្ជាតិខ្មែរ ស្រុកកំណើតនៅខេត្តកំពង់ចាម មុខរបរករនេសាទ បច្ចុប្បន្នស្នាក់នៅផែទទួលផលនេសាទ (លើទូក) ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា។

បើតាមលោកអធិការក្រុងខេមរភូមិន្ទ បញ្ជាក់ទៀតថា ជនសង្ស័យបានប្រើប្រាស់គ្រឿងញៀន (សួរផ្ទាល់វិជ្ជមាន) និងមិនធ្លាប់ជាប់ពន្ធនាគារ។ ចំណែកជនរងគ្រោះឈ្មោះ ចាន់ សាន ភេទប្រុស អាយុ ៥២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរករ ទីលំនៅបច្ចុប្បន្នភូមិ ២ សង្កាត់ដងទង់ បានស្លាប់បាត់បង់ជីវិត និងកូនប្រុសឈ្មោះ ចាន់ ដែន អាយុ ១៣ឆ្នាំ (រងរបួសខ្លួន ៦កន្លែង និងក្បាល ២កន្លែង)។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យ និងជនរងគ្រោះជាអ្នករាប់អានជិតស្និទ្ធនិងគ្នា ហើយជនសង្ស័យចេញចូលផ្ទះជនរងគ្រោះបានធម្មតា។ មូលហេតុដែលនាំឱ្យមានអំពើឃាតកម្មនេះ ជនសង្ស័យបានផឹកស្រាថ្នាំអស់ចំនួន ២ដបនៅផែនេសាទ បន្ទាប់មកក៏ជិះម៉ូតូឌុបឡើងមកផ្ទះជនរងគ្រោះ ចាន់ សាន ដូចរាល់ដង ហើយក៏បានអង្គុយលេងរហូតដល់ម៉ោងប្រមាណ ២១:០០ នាទី ជនសង្ស័យ និងជនរងគ្រោះទាស់ពាក្យសម្តីនិងគ្នា ទើបជនសង្ស័យយកកូនកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះជាច្រើនកាំបិត បណ្ដាលឲ្យស្លាប់ និងកូនប្រុសរបស់ជនរងគ្រោះរបួសជាច្រើនកន្លែង។
ក្រោយពេលធ្វើសកម្មភាពរួច ជនសង្ស័យបានបោះកូនកាំបិតចោលចូលក្នុងទឹកព្រែក ហើយព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវពលរដ្ឋ និងសមត្ថកិច្ចឡោមពទ្ធចាប់ខ្លួនយកពីក្នុងទឹកឡើងគោកបានតែម្តង។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងកសាងសំណុំអនុវត្តន៍នីតិវិធីបន្ត៕
