បន្ទាប់ពីប្រមុខសេតវិមាន លោក ដូណាល់ ត្រាំ ប្រកាសថាបទឈប់បាញ់ជាមួយទីក្រុងតេហេរ៉ង់កំពុងស្ថិតក្នុងស្ថានភាព«សង្គ្រោះបន្ទាន់យ៉ាងធ្ងន់ធ្ងរ» ស្រាប់តែប្រភពផ្ទៃក្នុងពីជួររដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបង្ហើបឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងត្រៀមបើកការវាយប្រហារអាកាសលើអ៊ីរ៉ង់ជាថ្មី។

ប្រភពចំនួន៣ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ទៅ CNN នៅថ្ងៃអង្គារទី១២ខែឧសភាឆ្នាំ២០២៦ថា លោកត្រាំកំពុងពិចារណាយ៉ាងយកចិត្តទុកដាក់ជាទីបំផុតចំពោះការចាប់ផ្តើមប្រតិបត្តិការយោធានៅអ៊ីរ៉ង់ម្តងទៀត ហើយការវាយប្រហារថ្មីនេះនឹងតម្រង់លើគោលដៅនៅសល់២៥%ដែលមន្ទីរបញ្ចកោណកំណត់ ប៉ុន្តែការវាយប្រហារលើមុនមិនទាន់ទទួលបានជោគជ័យ។
យោងតាមប្រភពដដែល លោកត្រាំក៏នឹងចាប់អនុវត្តឡើងវិញនូវ«គម្រោងសេរីភាព» ដែលជាប្រតិបត្តិការរំដោះកប៉ាល់ពាណិជ្ជកម្មចេញពីច្រកសមុទ្រ Hormuz។ ពាក់ព័ន្ធផែនការទាំងប៉ុន្មានខាងលើ លោកត្រៀមនឹងជួបជាមួយក្រុមអ្នកជំនាញផ្នែកយុទ្ធសាស្រ្តនិងសន្តិសុខជាតិក្នុងពេលដ៏ខ្លីខាងមុខដើម្បីសម្រេច។
ព័ត៌មាននេះកើតឡើងបន្ទាប់ពីលោកត្រាំនិយាយថាបទឈប់បាញ់រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់កំពុងស្ថិតក្នុងស្ថានភាព«សង្គ្រោះបន្ទាន់យ៉ាងធ្ងន់ធ្ងរ» ហើយចាត់ទុកឯកសារសំណើរបស់អ៊ីរ៉ង់ថាជា«ក្រដាសសំរាម» ដើម្បីឆ្លើយតបទៅទីក្រុងតេហេរ៉ង់ដែលដាក់លក្ខខណ្ឌ៨ចំណុចមកទីក្រុងវ៉ាស៊ីនតោនក្នុងគោលបំណងបញ្ចប់សង្គ្រាម។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងការិយាល័យរាងពងក្រពើកាលពីល្ងាចថ្ងៃចន្ទទី១១ខែឧសភាឆ្នាំ២០២៦ លោកត្រាំថ្លែងថា៖ «បទឈប់បាញ់នៅតែមានប្រសិទ្ធភាព ប៉ុន្តែវាមានសភាពខ្សោយរហូតដល់មិនគួរឲ្យជឿ។ ខ្ញុំអាចនិយាយបានថាបទឈប់បាញ់នេះកំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់យ៉ាងធ្ងន់ធ្ងរ វាប្រៀបដូចជានៅពេលដែលគ្រូពេទ្យដើរចូលមកហើយប្រាប់ថាមនុស្សជាទីស្រឡាញ់របស់លោកមានឱកាសរស់តែប្រហែល១%ប៉ុណ្ណោះ»។
លោកបន្តថា៖ «ក្រុមមេដឹកនាំអ៊ីរ៉ង់គឺជាមនុស្សដែលគ្មានកិត្តិយសទាល់តែសោះ។ ក្រដាសសំរាមដែលពួកគេផ្ញើមកឲ្យយើងនោះ ខ្ញុំមិនទាន់ទាំងអានវាចប់ផង»៕
