រាជធានីភ្នំពេញ ៖ កីឡាករជើងខ្លាំងគុនខ្មែរកណ្ដាប់ដៃដែកធន់ រិទ្ធី បានបង្ហាញទម្រង់វាយប្រកួតដ៏គួរឱ្យចាប់អារម្មណ៍ ដោយប្រើពេលត្រឹមតែ១ទឹកប៉ុណ្ណោះ បានផ្ដួលកីឡាករចាវ៉ាត អ៊ីកាស៊ីត មកពីអ៊ីរ៉ង់ឱ្យចាញ់សន្លប់នៅត្រឹមទឹកទី១ ក្នុងជំនួបសងសឹកលើសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ។
នេះជាលើកទី៣ហើយដែលកីឡាករជើងខ្លាំងទាំងពីរជួបគ្នា ដោយកាលពីពីរលើកមុន ឈ្នះចាញ់ម្ដងម្នាក់ សុទ្ធតែសន្លប់នៅត្រឹមទឹកទី១ដូចគ្នា ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺធន់ រិទ្ធី អាចវាយគូសងសឹកមកពីអ៊ីរ៉ង់ឱ្យសន្លប់ម្ដងទៀតក្នុងទឹកទី១ដដែល ។

មុនការប្រកួត កីឡាករចាវ៉ាត អ៊ីកាស៊ីត បានអះអាងថាដាច់ខាតត្រូវតែឈ្នះ ប៉ុន្តែគ្រាន់តែចាប់ផ្ដើមបើកការប្រកួតភ្លាម គេសង្កេតឃើញកីឡាករអ៊ីរ៉ង់ដើរចូលវាយសម្រុកយ៉ាងសន្ធាប់ ដោយសង្ឃឹមថានឹងផ្ដួលធន់ រិទ្ធីឱ្យសន្លប់ដូចមុន ។ ប៉ុន្តែធន់ រិទ្ធី មិនមែនជាសាច់ជ្រូកបីជាន់ឱ្យគេកាប់ចិញ្ច្រាំតាមចិត្តឡើយ ដោយគេបានវាយបកសងវិញយ៉ាងពេញសាច់ ។

នៅចុងទឹកទី១ ធន់ រិទ្ធី បានម៉ាត់ចូលមុខគូប្រកួតជាច្រើនដៃ បណ្ដាលឱ្យកីឡាករអ៊ីរ៉ង់ដួលទាំងជំហរ ត្រូវលោកអាជ្ញាកណ្ដាលរាប់ តែគេអាចក្រោកប្រកួតវិញបាន ។ ដោយឃើញឱកាសល្អ ធន់ រិទ្ធី បានបើកការវាយសម្រុកផ្ដាច់ផ្លូវ មិនឱ្យចាវ៉ាត អ៊ីកាស៊ីត តដៃបានទៀត ហើយត្រូវអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតតែម្ដងទៅ ។
