អ៊ីរ៉ង់ប្រហារជីវិតនិស្សិតវិស្វកម្មលំហអាកាស ក្រោមការចោទថាស៊ើបការណ៍ឲ្យ CIA និង Mossad

អ៊ីរ៉ង់ប្រហារជីវិតនិស្សិតវិស្វកម្មលំហអាកាស ក្រោមការចោទថាស៊ើបការណ៍ឲ្យ CIA និង Mossad

ទីក្រុងតេហេរ៉ង់៖ ប្រទេសអ៊ីរ៉ង់បានប្រហារជីវិតបុរសម្នាក់ទៀត ដែលត្រូវបានចោទប្រកាន់ថាជាចារបុរសឲ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក (CIA) និងភ្នាក់ងារស៊ើបការណ៍អ៊ីស្រាអែល (Mossad)។

ប្រភពពីសារព័ត៌មាន Al Jazeera ចេញផ្សាយនៅថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០២៦ ឲ្យដឹងថា ជនបង្កប់រូបនេះមានឈ្មោះ Erfan Shakurzadeh អាយុ ២៩ ឆ្នាំ ត្រូវបានប្រហារជីវិតដោយព្យួរក។

Erfan គឺជានិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិស្វកម្មលំហអាកាស និងជាបុគ្គលិកបម្រើការងារនៅអង្គការវិទ្យាសាស្ត្រមួយ ដែលពាក់ព័ន្ធនឹងប្រតិបត្តិការផ្កាយរណប។

រូបគេត្រូវបានចាប់ខ្លួនក្នុងឆ្នាំ ២០២៥ ពីបទបញ្ជូនទិន្នន័យវិទ្យាសាស្ត្រសម្ងាត់ទៅឲ្យភ្នាក់ងារចារកម្មបរទេស។

គួរបញ្ជាក់ថា កាលពីចុងខែមេសា ទីក្រុងតេហេរ៉ង់ក៏បានប្រហារជីវិតបុរសពីរនាក់ផងដែរ ក្រោមការចោទប្រកាន់ដូចគ្នានេះ ដោយម្នាក់ឈ្មោះ Mohammad Masoum Shahi និងម្នាក់ទៀតឈ្មោះ Hamed Validi។ អ្នកទាំងពីរត្រូវបានតុលាការចោទប្រកាន់ថាជាសមាជិកនៃបណ្តាញចារកម្មរបស់អ៊ីស្រាអែល និងធ្លាប់បានទទួលការបណ្តុះបណ្តាលនៅក្រៅប្រទេស រួមទាំងនៅតំបន់ Kurdistan នៃប្រទេសអ៊ីរ៉ាក់ផងដែរ។

ពួកគេត្រូវបានផ្តន្ទាទោសពីបទ «ប្រឆាំងនឹងព្រះជាម្ចាស់» និងការចូលដៃជាមួយក្រុមសត្រូវ ជាពិសេសគឺរបបអ៊ីស្រាអែល។

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles