ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី ១០ ឧសភាថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានប្រកាសយ៉ាងដាច់អហង្កាថា លោកនឹងមិនលាលែងពីតំណែងជាដាច់ខាត ទោះបីជាគណបក្សពលករ (Labour Party) របស់លោកទើបទទួលរងបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងការបោះឆ្នោតក្នុងស្រុកកាលពីដើមសប្តាហ៍មុនក៏ដោយ។
ការបោះឆ្នោតលើកនេះ គឺជាការបាត់បង់អាសនៈក្នុងស្រុកដ៏អាក្រក់បំផុតសម្រាប់គណបក្សកាន់អំណាចមួយក្នុងរយៈពេលជាង ៣ទសវត្សរ៍ ខណៈដែល គណបក្ស Reform UK កំពុងទទួលបានការគាំទ្រយ៉ាងផ្អើល។ មហិច្ឆតានេះបានធ្វើឲ្យសមាជិកសភាគណបក្សពលករមួយចំនួនចាប់ផ្តើមរិះគន់និងទាមទារឲ្យដកលោក Starmer ចេញពីតំណែង។
អតីតរដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលលោក Starmer គឺ លោកស្រី Catherine West ថែមទាំងបានគំរាមស្វែងរកការគាំទ្រពីសមាជិកសភាដើម្បីជំរុញឲ្យមានការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី ប្រសិនបើគណៈរដ្ឋមន្ត្រីមិនចាត់វិធានការដកលោកចេញត្រឹមថ្ងៃច័ន្ទនេះ។ យោងតាមច្បាប់គណបក្ស ត្រូវការសំឡេងគាំទ្រ ២០% នៃសមាជិកសភា (ស្មើ ៨១រូប) ដើម្បីបើកផ្លូវឲ្យមានការបោះឆ្នោតទម្លាក់មេដឹកនាំ។ បច្ចុប្បន្នមានសមាជិកសភាប្រហែល ៣០រូបហើយដែលបានប្រឆាំងនឹងលោកជាសាធារណៈ។

ទោះជាយ៉ាងណា លោក Starmer បានពណ៌នារដ្ឋាភិបាលរបស់ខ្លួនថាជា «គម្រោងរយៈពេល ១០ឆ្នាំ» និងបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងកិច្ចសម្ភាសន៍ជាមួយកាសែត Observer នៅថ្ងៃអាទិត្យថា៖ «បាទ ខ្ញុំនឹងបន្តដឹកនាំគណបក្សក្នុងការបោះឆ្នោតជាតិអាណត្តិក្រោយ។ ខ្ញុំនឹងមិនដើរចេញពីការងារដែលខ្ញុំត្រូវបានជ្រើសរើសឲ្យធ្វើកាលពីខែកក្កដា ឆ្នាំ២០២៤ នោះទេ។ ខ្ញុំនឹងមិនធ្វើឲ្យប្រទេសជាតិធ្លាក់ក្នុងភាពចលាចលឡើយ»។
គួរកត់សម្គាល់ថា ប្រសិនបើលោក Starmer ត្រូវដកចេញក្នុងសប្តាហ៍ខាងមុខ អង់គ្លេសនឹងមាននាយករដ្ឋមន្ត្រីទី៧ ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ។ ផ្ទុយទៅវិញ បើលោកអាចកាន់តំណែងរហូតដល់ចប់អាណត្តិទីពីរ លោកនឹងក្លាយជាមេដឹកនាំអង់គ្លេសកាន់តំណែងជាប់ៗគ្នាបានយូរជាងគេទី៣ ក្នុងរយៈពេលពីរសតវត្សចុងក្រោយ បន្ទាប់ពីលោកស្រី Margaret Thatcher និងលោក Tony Blair៕
