ទីក្រុងវ៉ាស៊ីនតោន៖ យោងតាមប្រភពពីក្នុងជួររដ្ឋាភិបាលអាមេរិក ប្រាប់ទៅសារព័ត៌មាន NBC កាលពីថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ ថា រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងគិតចង់ដូរឈ្មោះប្រតិបត្តិការយោធានៅអ៊ីរ៉ង់ ពី «Epic Fury» ទៅជា «Sledgehammer» ឬ «ញញួរធំ» វិញ។

ទោះគ្មានការបញ្ជាក់ច្បាស់ តែហេតុផលនៅពីក្រោយការប្តូរឈ្មោះនេះ ត្រូវគេសន្និដ្ឋានថា ជាសកម្មភាពយោធាដាច់ដោយឡែកមួយ ស្ថិតក្រោមសេចក្តីសម្រេចស្តីពីអំណាចសង្គ្រាមឆ្នាំ១៩៧៣ ដែលច្បាប់នេះកំណត់រយៈពេលដែលប្រធានាធិបតីអាចដឹកនាំប្រតិបត្តិការយោធា ដោយមិនចាំបាច់មានការយល់ព្រមពីសភា ខណៈប្រតិបត្តិការចាស់ត្រូវបានរដ្ឋមន្ត្រីការបរទេស Marco Rubio ប្រកាសថាបិទបញ្ចប់រួចទៅហើយ។
រឿងនេះកើតឡើង បន្ទាប់ពីប្រមុខសេតវិមាន ដូណាល់ ត្រាំ ប្រកាសថា បទឈប់បាញ់ជាមួយទីក្រុងតេហេរ៉ង់ កំពុងស្ថិតក្នុងស្ថានភាព «សង្គ្រោះបន្ទាន់យ៉ាងធ្ងន់ធ្ងរ» ហើយប្រភពផ្ទៃក្នុងពីជួររដ្ឋាភិបាលវ៉ាស៊ីនតោន ក៏បង្ហើបឲ្យដឹងដែរថា អាមេរិកកំពុងត្រៀមបើកការវាយប្រហារអាកាសលើអ៊ីរ៉ង់ជាថ្មី។
ប្រភពចំនួន៣ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ទៅ CNN នៅថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ ថា លោកត្រាំ កំពុងពិចារណាយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ចំពោះការចាប់ផ្តើមប្រតិបត្តិការយោធានៅអ៊ីរ៉ង់ម្តងទៀត ហើយការវាយប្រហារថ្មីនេះ នឹងតម្រង់លើគោលដៅនៅសល់ ២៥% ដែលមន្ទីរបញ្ចកោណកំណត់ ប៉ុន្តែការវាយប្រហារលើកមុនមិនទាន់ទទួលបានជោគជ័យ។

យោងតាមប្រភពដដែល ប្រធានាធិបតីអាមេរិក ក៏នឹងចាប់អនុវត្តឡើងវិញផងដែរ នូវ «គម្រោងសេរីភាព» ដែលជាប្រតិបត្តិការរំដោះកប៉ាល់ពាណិជ្ជកម្មចេញពីច្រកសមុទ្រ Hormuz។ ពាក់ព័ន្ធផែនការទាំងប៉ុន្មានខាងលើ ប្រធានាធិបតីអាមេរិក ត្រៀមនឹងជួបជាមួយក្រុមអ្នកជំនាញផ្នែកយុទ្ធសាស្រ្ត និងសន្តិសុខជាតិ ក្នុងរយៈពេលដ៏ខ្លីខាងមុខ ដើម្បីសម្រេច៕
អត្ថបទ៖ សុខ សុវណ្ណ
