រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប បានឯកភាពគ្នាលើការដាក់ទណ្ឌកម្មជុំថ្មីមួយទៀត ដោយផ្តោតលើអ៊ីស្រាអែល និងអង្គការនានាដែលគាំទ្រសកម្មភាពតាំងទីលំនៅខុសច្បាប់នៅតំបន់ West Bank ក្នុងប្រទេសប៉ាឡេស្ទីន។ នេះបើយោងតាមសារព័ត៌មាន TRT World ចុះផ្សាយថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦។
រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បានសរសេរលើបណ្តាញសង្គម X កាលពីថ្ងៃចន្ទថា៖ «រួចរាល់ហើយ! សហភាពអឺរ៉ុបកំពុងដាក់ទណ្ឌកម្មនៅថ្ងៃនេះ ចំពោះអង្គការស្ថាប័នសំខាន់របស់អ៊ីស្រាអែល ពីបទគាំទ្រអាណានិគមជ្រុលនិយម និងហិង្សានៅតំបន់ West Bank ក៏ដូចជាមេដឹកនាំរបស់ពួកគេ។ ទង្វើធ្ងន់ធ្ងរ និងមិនអាចអត់ឱនទាំងនោះ ត្រូវតែបញ្ឈប់បន្ទាន់»។
លោកបានបន្ថែមដោយសំដៅលើអ៊ីស្រាអែល និងប៉ាឡេស្ទីនថា៖ «ក្តីសង្ឃឹមរបស់បារាំងបានរស់ឡើងវិញកាលពីឆ្នាំមុននៅទីក្រុងញូវយ៉ក គឺក្តីសង្ឃឹមនៃរដ្ឋពីរដែលត្រូវបានទទួលស្គាល់ គោរព និងរស់នៅជាមួយគ្នាដោយសន្តិភាព និងសន្តិសុខ យើងនឹងមិនអនុញ្ញាតឱ្យនរណាម្នាក់ធ្វើឱ្យខូចវាឡើយ»។
ដោយឡែក លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប ក៏បានបញ្ជាក់ពីការសម្រេចចិត្តដាក់ទណ្ឌកម្មអ៊ីស្រាអែលថា៖ «រដ្ឋមន្ត្រីការបរទេសរបស់សហភាពអឺរ៉ុប បានផ្តល់ការអនុញ្ញាតឱ្យដាក់ទណ្ឌកម្មលើអ្នកតាំងលំនៅខុសច្បាប់របស់អ៊ីស្រាអែល ពីបទហិង្សាប្រឆាំងនឹងជនជាតិប៉ាឡេស្ទីន»។

យោងតាមមន្ត្រីប៉ាឡេស្ទីនឱ្យដឹងថា តំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល បានប្រើអំពើហិង្សាកាន់តែខ្លាំងឡើង ចាប់តាំងពីការវាយប្រហារនៅតំបន់ហ្គាហ្សាក្នុងខែតុលា ឆ្នាំ២០២៣ រួមទាំងការសម្លាប់ ចាប់ខ្លួន ពង្រីកការតាំងទីលំនៅ និងការរុះរើផ្ទះសម្បែង។ យោងតាមតួលេខផ្លូវការរបស់អាជ្ញាធរប៉ាឡេស្ទីន ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ១ ១៥៥នាក់ ត្រូវបានសម្លាប់ ហើយ ១១ ៧៥០នាក់ រងរបួស និងជាង ២២ ០០០នាក់ ត្រូវបានចាប់ខ្លួននៅតំបន់ West Bank ៕
