
ទីក្រុងបាងកក៖ សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់របស់ប្រទេសថៃបានធ្លាក់ចុះមកត្រឹម ៥០,៦ ពិន្ទុ ក្នុងខែមេសា ពី ៥១,៨ ពិន្ទុ នៅខែឧសភា ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ៨ ខែ ចំពេលដែលប្រជាជនថៃកំពុងប្រឈមនឹងសម្ពាធសេដ្ឋកិច្ចធ្ងន់ធ្ងរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
សាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC) ដែលចេញរបាយការណ៍ស្ទង់មតិកាលពីថ្ងៃអង្គារ បានឱ្យដឹងថា ទំនុកចិត្តរបស់អ្នកប្រើប្រាស់ថៃរងផលប៉ះពាល់ដោយតម្លៃថាមពលខ្ពស់ ដែលបង្កឡើងពីជម្លោះនៅមជ្ឈិមបូព៌ា។
កត្តាសំខាន់ៗដែលធ្វើឱ្យទំនុកចិត្តអ្នកប្រើប្រាស់ថៃធ្លាក់ចុះរួមមាន៖ តម្លៃជីកើនឡើងខ្ពស់ ខណៈតម្លៃផលិតផលកសិកម្មនៅតែបន្តថោក។ ទោះបីជាមានអារម្មណ៍វិជ្ជមានមួយចំនួនដែលកើតចេញពីស្ថិរភាពនយោបាយ និងគោលនយោបាយរបស់រដ្ឋាភិបាលក៏ដោយ ក៏ទំនុកចិត្តលើសេដ្ឋកិច្ច ការងារ និងប្រាក់ចំណូលនាពេលអនាគតបានធ្លាក់ចុះទាំងអស់។

លោក Thanavath Phonvichai សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ UTCC បានបន្ថែមថា វិស័យកសិកម្មមិនដំណើរការបានល្អ ហើយការវិនិយោគ និងការប្រើប្រាស់កំពុងថយចុះ ទោះបីជាការមកដល់របស់ភ្ញៀវទេសចរស្ទុះងើបឡើងវិញក៏ដោយ។
សេដ្ឋកិច្ចថៃនៅតែមានភាពយឺតយ៉ាវដោយសារតែកម្សោយនៃការចំណាយក្នុងស្រុក បំណុលគ្រួសារខ្ពស់ ថ្លៃរស់នៅកើនឡើង និងភាពមិនប្រាកដប្រជាពីជម្លោះសកល ដែលជំរុញឱ្យតម្លៃប្រេងឡើងថ្លៃ។
កាលពីដើមខែមេសា នាយករដ្ឋមន្រ្តីថៃ និងរដ្ឋាភិបាលរបស់លោក បានចាប់ផ្ដើមយុទ្ធនាការ «ថៃជួយថៃ» ដើម្បីប្រយុទ្ធប្រឆាំងនឹងកំណើនថ្លៃរស់នៅ ដែលផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ ៥៨% លើទំនិញសំខាន់ៗ។ យ៉ាងណាមិញ អ្នកសេដ្ឋកិច្ចមើលឃើញថា វាគ្រាន់តែជាគោលនយោបាយរយៈពេលខ្លីប៉ុណ្ណោះ ហើយអាចបង្កើតភាពតានតឹងផ្នែកហិរញ្ញវត្ថុសម្រាប់រដ្ឋាភិបាល និងបង្ខូចទីផ្សារ៕
