ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានចេញផ្សាយរបាយការណ៍នៅថ្ងៃទី ១៣ ខែឧសភាថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់នូវកន្លែងផលិតអាវុធឧស្សាហកម្មការពារជាតិមួយចំនួនធំ ក្នុងគោលបំណងពិនិត្យ និងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តភារកិច្ចផលិតកម្មប្រចាំឆមាសទីមួយនៃឆ្នាំ ២០២៦។

យោងតាមប្រភពដដែលបានឱ្យដឹងថា ការចុះត្រួតពិនិត្យនេះធ្វើឡើងកាលពីថ្ងៃទី ១១ ខែឧសភា។ ក្នុងឱកាសនោះ លោក គីម ជុងអ៊ុន បានលើកឡើងពីចំណុចខ្វះខាតមួយចំនួនដែលមានស្រាប់ទាក់ទងនឹងរចនាសម្ព័ន្ធ ប្រព័ន្ធផលិតកម្ម និងឧបករណ៍នានានៅក្នុងឧស្សាហកម្មសព្វាវុធ។ លោកបានសង្កត់ធ្ងន់ជាពិសេសទៅលើការជំរុញឱ្យមានការធ្វើទំនើបកម្មឧស្សាហកម្ម ការរៀបចំខ្សែសង្វាក់ផលិតកម្មប្រកបដោយសមហេតុផល ការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងបច្ចេកទេស និងការជំរុញផលិតភាពឱ្យកាន់តែខ្ពស់។
លើសពីនេះ មេដឹកនាំរូបនេះក៏បានណែនាំឱ្យរោងចក្រទាំងអស់ត្រូវកែលម្អប្រព័ន្ធគ្រប់គ្រងគុណភាពផលិតផលរបស់ខ្លួនឱ្យកាន់តែមានលក្ខណៈវិទ្យាសាស្ត្រ និងម៉ត់ចត់ថែមទៀត។ លោក គីម ជុងអ៊ុន ក៏បានគូសបញ្ជាក់ពីតម្រូវការចាំបាច់ក្នុងការពង្រឹងសមត្ថភាពកាំភ្លើងត្បាល់ និងកាំភ្លើងធំ ដោយបានដាក់ចេញនូវភារកិច្ចសំខាន់ៗទាក់ទងនឹងការសាងសង់ស្មុគស្មាញផលិតកាំភ្លើងធំឯកទេស និងរោងចក្រសព្វាវុធបន្ថែមទៀត ដើម្បីត្រៀមបំពេញតម្រូវការនាពេលអនាគតរបស់កងកម្លាំងប្រដាប់អាវុធ។

គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន ក៏បានស្នើឱ្យមានការបង្កើតប្រព័ន្ធផលិតកម្មសម្រាប់គ្រាប់រំសេវពហុបំណងដែលមានភាពជាក់លាក់ខ្ពស់ក្នុងទំហំផ្សេងៗផងដែរ រួមទាំងគ្រាប់រំសេវឯកទេស និងគ្រាប់រំសេវហ្វឹកហ្វឺន៕
