រាជធានីភ្នំពេញ៖ សម្ព័ន្ធក្រុមហ៊ុន Emirates Group បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ ២០២៥-២០២៦ ដោយសម្រេចបានប្រាក់ចំណេញមុនបង់ពន្ធក្នុងកម្រិតកំណត់ត្រាថ្មី ២៤,៤ ពាន់លាន Dirham (ប្រហែល ៦,៦០០ លានដុល្លារ) កើនឡើង ៧% បើធៀបនឹងឆ្នាំមុន។

ប្រាក់ចំណូលសរុបក៏បានកើនឡើងដល់ ១៥០,៥ ពាន់លាន Dirham (៤១ ពាន់លានដុល្លារ) ខណៈសមតុល្យសាច់ប្រាក់មានដល់ ៥៩,៦ ពាន់លាន Dirham (១៦,២ ពាន់លានដុល្លារ) កើនឡើង ១២%។
គួរបញ្ជាក់ថា ក្រុមហ៊ុន Emirates បានបន្តពង្រីកបណ្ដាញហោះហើររបស់ខ្លួន ដោយរួមបញ្ចូលខេត្តសៀមរាបជាគោលដៅថ្មី ព្រមជាមួយក្រុងដាណាំង ហាំងចូវ និងសិនជិន។ បច្ចុប្បន្ននេះ Emirates មានជើងហោះហើរតភ្ជាប់ទៅកាន់ទីក្រុងចំនួន ១៥២ ក្នុង ៨០ ប្រទេស។
ព្រះអង្គម្ចាស់ Sheikh Ahmed bin Saeed Al Maktoum ប្រធានក្រុមហ៊ុន Emirates បានមានបន្ទូលថា លទ្ធផលដ៏ត្រចះត្រចង់នេះ បញ្ជាក់ពីភាពរឹងមាំនៃគំរូអាជីវកម្មរបស់សម្ព័ន្ធក្រុមហ៊ុន ដោយសារការវិនិយោគជាប់លាប់លើផលិតផល ធនធានមនុស្ស និងបច្ចេកវិទ្យា។
លើសពីនេះ ក្រុមហ៊ុន Emirates បានពង្រីកកងនាវារបស់ខ្លួនជាមួយយន្តហោះ Airbus A350 ចំនួន ១៥ គ្រឿងបន្ថែមទៀត និងបានបង្កើនភាពជាដៃគូ Codeshare និង Interline ដល់ ៣២ និង ១១៧ រៀងគ្នា។
