រាជធានីភ្នំពេញ ៖ អតីតតារាចម្រៀងសំនៀងរៃកន្ត្រឹង នាង ពៅ បញ្ញាពេជ្រ បានធ្វើឲ្យអ្នកគាំទ្រស្រក់ទឹកភ្នែក ក្រោយនាងបានរំលឹកអនុស្សាវរីយ៍តាមរយៈរូបភាពចាស់ៗ ពីសម័យដែលនាងនៅស្រស់ស្អាត មុនពេលធ្លាក់ខ្លួនពិការ។

ការរំលឹករូបថតចាស់ៗនាពេលនេះ គឺដើម្បីនឹករលឹកពីអតីតកាលដ៏ល្អរបស់នាង ព្រមទាំងបង្ហាញក្តីនឹករលឹកទៅកាន់អ្នកគាំទ្រទាំងអស់ ដែលធ្លាប់តាមដាននាងក្នុងវិស័យសិល្បៈ។

ពៅ បញ្ញាពេជ្រ បានលើកយករូបភាពចាស់ៗជាច្រើន ទាំងរូបថតសម្អាងការ រូបតាមសារព័ត៌មាន ទស្សនាវដ្តី និងរូបភាពក្នុងអាល់ប៊ុម CD ចម្រៀង ដែលនាងធ្លាប់ចេញលក់លើទីផ្សារ។ នាងបញ្ជាក់ថា ការរំលឹកនេះគ្មានចេតនាអ្វីក្រៅពីចង់បង្ហាញរូបភាពចាស់ៗរបស់នាងឲ្យមិត្តភក្តិតាមបណ្តាញសង្គមបានឃើញនោះទេ។

តារាចម្រៀងរូបនេះបានឲ្យដឹងថា នាងបានរក្សាទុករូបភាពចាស់ៗទាំងនេះអស់រយៈពេលជាង ២០ ឆ្នាំដោយមិនបាត់បង់ ឬរហែកឡើយ។ រាល់ឯកសារទាក់ទងនឹង CD និងទស្សនាវដ្តី ត្រូវបាននាងទុកដាក់យ៉ាងល្អ ដើម្បីធ្វើជាកម្រងអនុស្សាវរីយ៍សម្រាប់បើកមើលពេលទំនេរ។

នាងបន្ថែមថា CD ចាស់ៗដែលនាងថតមាននៅក្នុងផលិតកម្មសាន់ដេ រស្មីហង្សមាស ហ្គោលដេនស៊ីឌី និងផលិតកម្មក្រៅស្រុកមួយចំនួនទៀត។ ទោះជាចូលចិត្តរក្សា CD ក៏ដោយ ក៏នាងមិនសូវចាក់ស្តាប់បទចម្រៀងខ្លួនឯងឡើងវិញទេ ដោយសារអារម្មណ៍មិនចង់ស្តាប់ ហើយចូលចិត្តស្តាប់បទអ្នកដទៃវិញ។

ក្រោយឃើញការបង្ហោះរបស់ ពៅ បញ្ញាពេជ្រ មហាជន និងអ្នកគាំទ្រជាច្រើនបានសម្តែងក្តីនឹករលឹក និងនៅតែនឹកឃើញពីបទចម្រៀងដែលធ្លាប់ពេញនិយមពីមុន។

សូមបញ្ជាក់ថា ពៅ បញ្ញាពេជ្រ គឺជាអតីតតារាចម្រៀងរបស់ផលិតកម្មរស្មីហង្សមាសពីឆ្នាំ ២០០០ ដល់ ២០០៧ ដែលជាតារាចម្រៀងរួមជំនាន់ជាមួយ គីម លក្ខិណា និង ណុប បាយ៉ារិទ្ធ។ ជាអកុសល នៅឆ្នាំ ២០០៧ នាងត្រូវបានគេបាញ់ប្រហារដោយខ្មាន់កាំភ្លើងមិនស្គាល់មុខ រហូតធ្លាក់ខ្លួនពិការ ហើយបាត់មុខពីវិស័យសិល្បៈជាង ២០ ឆ្នាំមកហើយ។ បច្ចុប្បន្ននាងរស់នៅលើរទេះរុញ ដោយចិត្តតស៊ូ និងអត់ធ្មត់។

ទោះបីរូបសម្រស់ប្រែប្រួលខុសពីមុនក៏ដោយ ពៅ បញ្ញាពេជ្រ ធ្លាប់បានប្រៀបធៀបរូបភាពពីមុន និងឥឡូវ ដោយពោលពាក្យយ៉ាងចាក់ដោតថា៖ «បងប្អូនមើលឃើញភាពខុសគ្នាទេ? ចឹងមានន័យថា គ្រប់យ៉ាងគឺមិនទៀង គ្រប់យ៉ាងមិនមែនជារបស់យើងរហូតទេ»។







