កម្លាំងនគរបាលរាជធានីភ្នំពេញ បានបើកការឆ្មក់ចុះបង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam នៅចំណុចបុរី ១ កន្លែង ក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ កាលពីវេលាម៉ោង ១០ និង ៣០ នាទីព្រឹក ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៦។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយ លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និង លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តផ្ទាល់ក្រោមការដឹកនាំកម្លាំងចុះបង្ក្រាបដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនការងារសន្តិសុខ។

ជាលទ្ធផល នៃប្រតិបត្តិការ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យចំនួន ៣៣ នាក់ (ស្រី ៣ នាក់) ព្រមទាំងដកហូតវត្ថុតាងពាក់ព័ន្ធជាច្រើន ដែលបម្រើឲ្យការប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ។


បច្ចុប្បន្ន នគរបាលជំនាញ កំពុងបន្តនីតិវិធីច្បាប់ ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់។


សូមប្រិយមិត្តជាទីគោរព បន្តតាមដានព័ត៌មានថ្មីៗបន្ថែមទៀតពីយើងខ្ញុំ។


អត្ថបទ ៖ សុភា
