ខេត្តបន្ទាយមានជ័យ៖ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២ នៅវិទ្យាល័យ ហ៊ុន សែន ខ្លាកូន ក្រុងសិរីសោភ័ណ កាលពីថ្ងៃទី១២ ឧសភា ឆ្នាំ២០២៦ ដើម្បីផ្តល់កម្លាំងចិត្ត និងតម្រង់ទិសដល់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ខាងមុខ។

ក្នុងឱកាសនោះ លោកប្រធានមន្ទីរបានសង្កត់ធ្ងន់លើការពង្រឹងវិន័យសិក្សា និងការបែងចែកពេលវេលាឱ្យបានច្បាស់លាស់ ទាំងការស្វ័យសិក្សា និងការរៀនជាក្រុម។ លោកបានលើកឡើងថា សម័យប្រឡងខាងមុខគឺជាវេទិកាវាស់ស្ទង់សមត្ថភាពដ៏សំខាន់ ដូច្នេះការត្រៀមខ្លួនល្អនៅថ្ងៃនេះ គឺជាគ្រឹះនៃលទ្ធផលដ៏ប្រសើរនៅថ្ងៃស្អែក។

ទន្ទឹមនឹងការជំរុញការសិក្សា លោកប្រធានមន្ទីរក៏បានក្រើនរម្លឹកដល់សិស្សានុសិស្សត្រូវដើរឱ្យឆ្ងាយពីគ្រឿងញៀន និងមិត្តភក្តិដែលអូសទាញទៅរកផ្លូវខុស។ លោកមានប្រសាសន៍ថា យុវជនគឺជាសសរទ្រូងនៃប្រទេសជាតិ បើមានសុខភាពល្អ និងបញ្ញាភ្លឺស្វាង នោះនឹងអាចកសាងអនាគតខ្លួនឯង និងសង្គមជាតិបានយ៉ាងរឹងមាំ។ លោកក៏បានជួយតម្រង់ទិសដល់សិស្សានុសិស្សឱ្យយល់ពីសារៈសំខាន់នៃការជ្រើសរើសជំនាញនៅសកលវិទ្យាល័យ ក្រោយប្រឡងជាប់ ដើម្បីកំណត់គោលដៅច្បាស់លាស់។
វត្តមានរបស់លោកប្រធានមន្ទីរនាពេលនេះ បានធ្វើឱ្យសិស្សានុសិស្សមានក្តីរំភើប និងប្តេជ្ញាចិត្តខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីដណ្តើមយកនិទ្ទេសល្អប្រសើរជូនខេត្តបន្ទាយមានជ័យ ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ៕
ដោយ៖ សំរិត
