ភ្នំពេញ៖ កម្លាំងគណបញ្ជាការឯកភាពខណ្ឌច្បារអំពៅ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) មួយកន្លែង ដោយឃាត់ខ្លួនជនសង្ស័យសរុប ៩នាក់ និងដកហូតសម្ភារពាក់ព័ន្ធមួយចំនួនធំ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីរសៀលម្សិលមិញ នៅផ្ទះលេខ២២៧ ផ្លូវលំ ភូមិព្រែកជាងព្រហ្ម សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ និងលោក ម៉ៅ សឿត អធិការនគរបាលខណ្ឌ ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង។

ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ៩នាក់ ក្នុងនោះមាន ជនជាតិចិន ៨នាក់ និង ជនជាតិវ៉ានូអាទូ ១នាក់ ព្រមទាំងដកហូតវត្ថុតាងយ៉ាងច្រើន រួមមាន៖ ទូរស័ព្ទដៃ ៤១គ្រឿង, កុំព្យូទ័រ Laptop ៧គ្រឿង, កាំភ្លើង ១ដើម និងគ្រាប់កាំភ្លើង ៤៩គ្រាប់។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបាននាំទៅសាកសួរ និងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ ចាត់វិធានការតាមច្បាប់បន្ត។
