ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការលើកកម្ពស់សន្តិសុខ និងសុវត្ថិភាពព័ត៌មានក្នុងប្រព័ន្ធផ្សព្វផ្សាយឌីជីថល មិនមែនគ្រាន់តែជាកិច្ចការបច្ចេកទេសទេ តែគឺជាអាទិភាពយុទ្ធសាស្ត្រកំពូល ដើម្បីកសាង «ខែលការពារ» ផលប្រយោជន៍ប្រជាពលរដ្ឋ និងថែរក្សាសុខសន្តិភាពជាតិក្នុងយុគសម័យបច្ចេកវិទ្យាទំនើប។
ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសលោកអញ្ជើញចូលរួមពិធីសំណេះសំណាល និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានរាជធានីភ្នំពេញ នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។

លោកអ្នកនាំពាក្យរូបនេះ បានលើកពីហានិភ័យនៃព័ត៌មានក្លែងក្លាយ ស្របពេលបច្ចេកវិទ្យា AI រីកចម្រើនយ៉ាងឆាប់រហ័ស ដែលត្រូវបានក្រុមអមិត្ត និងក្រុមអគតិនៅក្រៅប្រទេសប្រើប្រាស់សម្រាប់ផ្សាយព័ត៌មានបំភ្លៃ បំផ្លើស និងបង្កការយល់ច្រឡំក្នុងសាធារណមតិ។ លោកបានបន្ថែមថា ការផ្សាយព័ត៌មានក្លែងក្លាយទាំងនេះ មានបំណងបង្កចលាចលក្នុងសង្គម ជាពិសេសលើបញ្ហាព្រំដែន ក្នុងអំឡុង និងក្រោយសង្រ្គាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា។

លោក ទេព អស្នារិទ្ធ បានរម្លឹកថា ក្រោមការដឹកនាំរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្រសួងបានអនុវត្តយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ (Say No to Fake News)» ដំណាក់កាលទី១ ឆ្នាំ២០២៥ ដោយផ្សព្វផ្សាយដល់អ្នកប្រើប្រាស់បណ្តាញសង្គមជាង ៩លាននាក់ ក្នុងចំណោមអ្នកប្រើប្រាស់សកម្មជិត ១៥លាននាក់។ លោកចាត់ទុកថា យុទ្ធនាការនេះបានក្លាយជាយន្តការការពារប្រជាពលរដ្ឋ និងបន្សុទ្ធបរិយាកាសព័ត៌មាន។
លោកអ្នកនាំពាក្យបានបញ្ជាក់ថា៖ «យុទ្ធនាការនេះ គឺជាយន្តការដ៏រឹងមាំរួមចំណែកក្នុងការគ្រប់គ្រងសមរភូមិព័ត៌មាន ទប់ស្កាត់ការរីកសាយភាយព័ត៌មានបំពុល រួមទាំងព័ត៌មានក្លែងក្លាយដោយ AI ដែលមានប្រភពពីប្រទេសថៃក្នុងពេលសង្រ្គាមឈ្លានពានមកលើកម្ពុជា»។
ជាមួយគ្នានោះ លោកបានគូសបញ្ជាក់ថា ក្រសួងព័ត៌មាន និងមន្ទីរព័ត៌មានទាំង ២៥រាជធានី-ខេត្ត នឹងបន្តលើកកម្ពស់ការអប់រំក្នុងក្របខណ្ឌយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដើម្បីពង្រឹងអក្ខរកម្មព័ត៌មានដល់ប្រជាជន ពិសេសពលរដ្ឋវ័យក្មេង។
លោកអ្នកនាំពាក្យក៏បានជំរុញដល់បណ្តាញព័ត៌មានរដ្ឋ ត្រូវបង្កើនសមត្ថភាពប្រើប្រាស់បណ្តាញសង្គមដូចជា Facebook, Telegram, YouTube និង TikTok ប្រកបដោយគុណភាព ដើម្បីផ្សព្វផ្សាយការពិតឱ្យបានលឿន និងទូលំទូលាយ។ ទន្ទឹមនេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន និងវិភាគព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយមុនចែករំលែក ព្រោះការយល់ដឹងពីរបៀបការពារទិន្នន័យផ្ទាល់ខ្លួន គឺជាខែលការពារដ៏រឹងមាំបំផុតប្រឆាំងនឹងជនខិលខូចដែលប៉ុនប៉ងទាញយកផលប្រយោជន៍ខុសច្បាប់៕
ដោយ៖ តារា
