អតីតព្រះសង្ឃ១អង្គត្រូវបានចាប់ផ្សឹកក្រោយរំលោភក្មេងស្រីអាយុ១៣ឆ្នាំនៅស្វាយជ្រំ

អតីតព្រះសង្ឃ១អង្គត្រូវបានចាប់ផ្សឹកក្រោយរំលោភក្មេងស្រីអាយុ១៣ឆ្នាំនៅស្វាយជ្រំ

ខេត្តស្វាយរៀង៖ អតីតព្រះសង្ឃមួយអង្គត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈបានសម្រេចលើអនីតិជនអាយុត្រឹមតែ១៣ឆ្នាំ នៅក្នុងស្រុកស្វាយជ្រំ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦។

រូបភាពកន្លែងកើតហេតុ

សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំ បានឱ្យដឹងថា នៅវេលាម៉ោង ១៥និង១០នាទីរសៀល ថ្ងៃកើតហេតុ ប៉ុស្តិ៍នគរបាលរដ្ឋបាលធ្លក បានទទួលពាក្យបណ្តឹងពីឈ្មោះ ផាន់ សាម៉ុន អាយុ៧២ឆ្នាំ រស់នៅភូមិធំ ឃុំធ្លក ប្តឹងចោទទៅលើព្រះសង្ឃព្រះនាម ម៉ៅ សុត ព្រះជន្ម២៦វស្សា គង់នៅវត្តភូមិធំ ដែលបានលួងលោមរំលោភចៅស្រីរបស់គាត់ឈ្មោះ រ. ល.ត អាយុត្រឹមតែ១៣ឆ្នាំប៉ុណ្ណោះ។

រូបភាពពាក់ព័ន្ធ

ក្រោយទទួលពាក្យបណ្តឹង លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ សហការជាមួយមន្ទីរធម្មការ និងសាសនាខេត្ត អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការអាចារ្យវត្ត ចុះទៅកន្លែងកើតហេតុ។ នៅក្នុងការសួរនាំ ព្រះសង្ឃរូបនេះបានសារភាពថា ខ្លួនបានទំនាក់ទំនងតាមរយៈទូរស័ព្ទ លួងលោមស្នេហា និងបានហៅជនរងគ្រោះមកកាន់ទីធ្លាវត្ត មុនពេលនាំចូលទៅក្នុងកុដិ ហើយធ្វើសកម្មភាពរំលោភបានសម្រេចមួយដង។

បច្ចុប្បន្ន អតីតព្រះសង្ឃរូបនេះត្រូវបានមន្ទីរធម្មការ និងគណៈកម្មការអាចារ្យវត្ត ចាប់បង្ខំផ្សឹក លាចាកសិក្ខាបទ ដើម្បីប្រគល់ជូនសមត្ថកិច្ចចាត់ការតាមច្បាប់។ លោកអធិការនគរបាលស្រុកស្វាយជ្រំ បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ដើម្បីកសាងសំណុំរឿងបន្ត។

ដោយ៖ សុថាន

administrator

Related Articles