ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រចាំខែមេសា និងលើកទិសដៅអនុវត្តបន្តប្រចាំខែឧសភា។

កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ លោក-លោកស្រីវរសេនីយ៍ស្នងការរង លោកអនុប្រធានផែន លោកនាយការិយាល័យទាំង៣០ លោកប្រធានអង្គភាពទាំងពីរ លោកមេបញ្ជាការ និងនាយផ្នែកសេនាធិការនៃវរៈការពារព្រំដែនគោកលេខ៦០៧ ព្រមទាំងអធិការ អធិការរង និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១៦ និងនាយប៉ុស្តិ៍ការពារព្រំដែនគោកទាំង០៧។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោស្នងការបានក្រើនរំលឹកដល់មន្ត្រីនគរបាលទាំងអស់ត្រូវពន្លឿនប្រសិទ្ធភាពការងារក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានរហ័ស និងទាន់ពេលវេលា។

ជាពិសេស លោកបានណែនាំឲ្យអនុវត្តឲ្យបាន១០០%% នូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល លុបបំបាត់បញ្ហាក្មេងទំនើង បង្ការទប់ស្កាត់បង្ក្រាបគ្រឿងញៀន ធ្វើវេទិកាផ្សព្វផ្សាយអប់រំ និងកំណត់រាល់មុខសញ្ញាឲ្យបានច្បាស់លាស់នៅក្នុងមូលដ្ឋាន។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោស្នងការក៏បានប្រគល់ម៉ូតូល្បាតដែលអគ្គស្នងការដ្ឋាននគរបាលជាតិផ្ដល់ជូនតាមបណ្ដាអធិការដ្ឋាននគរបាលក្រុង-ស្រុក ព្រមទាំងប៉ុស្តិ៍វរការពារព្រំដែនគោក និងប៉ុស្តិ៍នគរបាលរដ្ឋបាលផងដែរ។


ពិធីនេះធ្វើឡើងនៅសាលប្រជុំធំ ទទួលបារាយណ៍អណ្ដែត ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។






ដោយ៖ សិលា
