ខេត្តបាត់ដំបង៖ កម្លាំងការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្តបាត់ដំបង ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ បានបើកប្រតិបត្តិការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងករណីលួច និងទទួលផលចោរកម្ម។

ជំហានដំបូង វេលាម៉ោង ១៧:៣០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នៅភូមិអញ្ជាញ សង្កាត់អូរចារ ក្រុងបាត់ដំបង កម្លាំងបានឃាត់ខ្លួនជនសង្ស័យទី១ ឈ្មោះ រស់ ខេមរា ហៅ ម៉ាន់ ភេទប្រុស អាយុ ២៦ឆ្នាំ តាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ហង់ គីមហុង អាយុ ២៧ឆ្នាំ ជាងជួសជុលម៉ាស៊ីនត្រជាក់ ពីបទលួចម៉ូតូ ប្រព្រឹត្តនៅវេលាម៉ោង ១៨:៤០នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ នៅមុខរោងភាពយន្តបាត់ដំបង។

ក្រោយពីការឃាត់ខ្លួនជនសង្ស័យទី១ សមត្ថកិច្ចបានបន្តស៊ើបអង្កេត ដោយសហការជាមួយកម្លាំងអាវុធហត្ថខេត្តប៉ៃលិន រហូតនៅវេលាម៉ោង ១៥:១០នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ បានឃាត់ខ្លួនជនសង្ស័យ ០២នាក់បន្ថែមទៀត នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនសង្ស័យទាំងពីររួមមាន៖ ទី១-ឈ្មោះ ពិសិដ្ឋ ពន្លឺ ភេទប្រុស អាយុ ២១ឆ្នាំ (អ្នកធ្វើសកម្មភាពលួចម៉ូតូ) និង ទី២-ឈ្មោះ សាន់ ប៉ែត ភេទប្រុស អាយុ ៣៦ឆ្នាំ (អ្នកទទួលផលចោរកម្ម)។

វត្ថុតាងដកហូតបានរួមមាន៖ ទូរស័ព្ទ ០២គ្រឿង, របាំងច្រវ៉ាក់ម៉ូតូ ០១ឈុត, អាវកាក់ម៉ូតូ ០១ឈុត, របាំងកផ្នែកខាងមុខ ០១, ស្រទបផ្នែកកណ្តាលម៉ូតូ ០១, ស្លាកលេខម៉ូតូ ០១ និងម៉ូតូ ០១គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
