ខេត្តកំពង់ស្ពឺ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើង រវាងរថយន្តកុងតឺន័រ និងម៉ូតូសិស្សសាលាចំនួន២នាក់ បណ្ដាលឲ្យពួកគេរងរបួសស្រាល នៅលើកំណាត់ផ្លូវលេខ៤១ ចំណុចភូមិឧកញ៉ាទេព ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូមួយគ្រឿងដែលជិះដោយសិស្សសាលាចំនួន២នាក់ កំពុងធ្វើដំណើរតាមដងផ្លូវលេខ៤១។ ខណៈពេលមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូបានប៉ះទង្គិចយ៉ាងពេញទំហឹងជាមួយរថយន្តកុងតឺន័រ បណ្ដាលឲ្យសិស្សទាំងពីរនាក់ដួលរងរបួសស្រាល និងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍បានចុះទៅអន្តរាគមន៍ និងពិនិត្យទីតាំងកើតហេតុដើម្បីសម្រួលចរាចរណ៍ ព្រមទាំងធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់។

ជាមួយគ្នានេះដែរ អាជ្ញាធរ និងសមត្ថកិច្ចក៏បានអំពាវនាវដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ ជាពិសេសរថយន្តធុនធំ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់នៅពេលបើកបរលើដងផ្លូវ។ ទន្ទឹមនឹងនេះ អ្នកប្រើប្រាស់ផ្លូវ ជាពិសេសសិស្សានុសិស្ស ក៏ត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន និងបើកបរដោយប្រុងប្រយ័ត្នបំផុត ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ដែលអាចកើតឡើងបានគ្រប់ពេលវេលា៕
ដោយ៖ សូរិយា
