ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន៣នាក់ ពាក់ព័ន្ធករណីលួចរថយន្ត និងផ្លាកលេខរថយន្តនៅតាមបណ្តារាជធានី-ខេត្តក្រុងមួយចំនួនដូចជា៖ រាជធានីភ្នំពេញ, ខេត្តព្រៃវែង និងខេត្តកណ្តាល ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ នៅត្រង់ចំណុចផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ក្រោមការបញ្ជាផ្ទាល់ពី ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ និងតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ។

លោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ បានប្រព្រឹត្តបទល្មើសសរុបចំនួន៦ករណី រួមមាន៖ ករណីទី១ លួចរថយន្ត ALPHARD ពណ៌ខ្មៅ ស្លាកលេខ APO.K66 នៅអគារខុនដូរ ONE PRAK ខណ្ឌដូនពេញ (ថ្ងៃទី៣ ឧសភា) ។ ករណីទី២ លួចរថយន្ត LEXUS LM350 ពណ៌ខ្មៅ ស្លាកលេខ H.Z.8998 នៅទីតាំងដដែល (ថ្ងៃទី៥ ឧសភា) ។ ករណីទី៣ លួចរថយន្ត GAC NG8 ពណ៌ស ស្លាកលេខ 2CI-3521 នៅបុរី ប៉េងហួត ខណ្ឌច្បារអំពៅ (ថ្ងៃទី៥ ឧសភា) ។ រួមទាំងករណីលួចផ្លាកលេខរថយន្តចំនួន៣ករណីទៀតនៅខេត្តព្រៃវែង និងខេត្តកណ្តាល ។
ជនសង្ស័យទាំង៣នាក់រួមមាន៖ ១. ឈ្មោះ FEI YIYUAN, ២. ឈ្មោះ XUE XITAO, និង ៣. ឈ្មោះ QIAN XIQIANG ភេទប្រុស ជនជាតិចិនទាំងអស់ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលអាគារ BAILY2 ផ្លូវសរបិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ សមត្ថកិច្ចបានដកហូតរថយន្តម៉ាក PUIR ពណ៌ទឹកមាស ស្លាកលេខភ្នំពេញ 2BC-8508 (ឆ្នាំ២០០៩) ជាយានធ្វើសកម្មភាព និងផ្លាកលេខរថយន្តចំនួន១០សន្លឹកបន្ថែមទៀត ។ បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់ ៕
