ខ្មែរឃាត់ជនជាតិថៃអាយុ៥៨ឆ្នាំចូលដែនដីខុសច្បាប់ ត្រៀមសម្របសម្រួលបញ្ជូនត្រឡប់ទៅវិញក្រោមស្មារតីមនុស្សធម៌

ខ្មែរឃាត់ជនជាតិថៃអាយុ៥៨ឆ្នាំចូលដែនដីខុសច្បាប់ ត្រៀមសម្របសម្រួលបញ្ជូនត្រឡប់ទៅវិញក្រោមស្មារតីមនុស្សធម៌

កម្ពុជា និងថៃ កំពុងសម្របសម្រួលតាមយន្តការព្រំដែន ដើម្បីបញ្ជូនបុរសជនជាតិថៃអាយុ ៥៨ឆ្នាំម្នាក់ត្រឡប់ទៅស្រុកវិញ បន្ទាប់ពីគាត់បានចូលមកជ្រៅក្នុងទឹកដីកម្ពុជាដោយខុសច្បាប់។

ការចូលមកនេះបានកើតឡើងកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ ស្ថិតក្នុងភូមិគោកចាន់រី សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ អាជ្ញាធរកម្ពុជាបានឃាត់ខ្លួនភ្លាមៗ ស្របតាមច្បាប់ និងវិធានការការពារសន្តិសុខ អធិបតេយ្យភាព និងបូរណភាពទឹកដីជាតិ។

ក្រោយកើតហេតុ យោធាភូមិភាគទី២ របស់ថៃ បានទាក់ទងមកយោធភូមិភាគទី៤ របស់កម្ពុជា ដើម្បីស្នើសុំកិច្ចសហការ។ ភាគីកម្ពុជាបានទទួលយកដោយសុច្ឆន្ទៈ និងកំពុងពិនិត្យតាមនីតិវិធី ព្រមទាំងយន្តការដែលមានរវាងប្រទេសទាំងពីរ។

ប្រភពពីអាជ្ញាធរកម្ពុជាបានបញ្ជាក់ថា បុរសជនជាតិថៃរូបនេះកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់សមត្ថកិច្ចដោយមានសុវត្ថិភាព និងទទួលបានការយកចិត្តទុកដាក់។ កម្ពុជាបញ្ជាក់ជាថ្មីថា ការពារអធិបតេយ្យភាពជាតិជាកាតព្វកិច្ចមិនអាចបន្ធូរបន្ថយបានឡើយ តែនៅតែប្រកាន់ខ្ជាប់ស្មារតីសហប្រតិបត្តិការ និងគោលការណ៍មនុស្សធម៌។

ប្រសិនបើការពិនិត្យតាមនីតិវិធីត្រូវបានបញ្ចប់ ភាគីកម្ពុជានឹងពិចារណាសម្របសម្រួលបញ្ជូនបុរសរូបនេះត្រឡប់ទៅថៃវិញនៅពេលសមស្រប។

administrator

Related Articles