ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តស្វាយរៀងចំនួនជាង ១,៣០០ នាក់ នៅសាលប្រជុំសាកលវិទ្យាល័យស្វាយរៀង។

ក្នុងឱកាសនោះ សម្តេចតេជោបានសម្តែងនូវការហួសចិត្តយ៉ាងខ្លាំងចំពោះមន្ត្រីកាំកុងត្រូលខេត្តបាត់ដំបងដែលបានទៅប្រកាសថាទុរេននាំចូលពីថៃជាទុរេនខេត្តកំពង់ចាម។ សម្តេចបានចោទជាសំណួរថា ហេតុអ្វីមន្ត្រីទៅកាងជនខិលខូច ខណៈដែលជនខិលខូចសារភាពថាបាននាំចូលពីថៃ? សម្តេចបានស្នើឲ្យពិនិត្យដកមន្ត្រីកាំកុងត្រូលរូបនេះ ដើម្បីជាសារព្រមានដល់មន្ត្រីទាំងអស់កុំឲ្យហ៊ានកុហកថ្នាក់ដឹកនាំនិងប្រជាជន។

សម្តេចតេជោបានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឲ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិនិងប្រជាជនឲ្យបានល្អ និងត្រូវពន្លឿនការផ្តល់សេវាបណ្ណកម្មសិទ្ធិដីធ្លីឲ្យបានលឿនរហ័ស ដើម្បីបញ្ចៀសភាពថ្នាំងថ្នាក់នៅមូលដ្ឋាន។

សម្តេចក៏បានរំលឹកដល់អាជ្ញាធរឲ្យបន្តយកចិត្តទុកដាក់លើគ្រួសារយុទ្ធជនជួរមុខ យុទ្ធពលី ពិការ និងគ្រួសារអតីតយុទ្ធជន។ សម្តេចបានសង្កត់ធ្ងន់ថា យុទ្ធជនបានយកទ្រូងការពារជាតិ ការពារទឹកដី ដូច្នេះមន្ត្រីត្រូវចេះចែករំលែកក្តីស្រឡាញ់ដល់ពួកគេ។

សម្ដេចតេជោក៏បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានចូលរួមថែរក្សាធនធានធម្មជាតិ ទប់ស្កាត់ការបំផ្លិចបំផ្លាញ។ សម្ដេចបានក្រើនរំលឹកថា «មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជនទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន» ហើយត្រូវធ្វើជាមន្ត្រីជើង២ មិនត្រូវធ្វើជាមន្ត្រីជើង១០ឡើយ។

ជាចុងក្រោយ សម្តេចតេជោបានរំលឹកឲ្យអាជ្ញាធរខេត្តស្វាយរៀងបង្កើនកិច្ចសហប្រតិបត្តិការតាមព្រំដែនជាមួយវៀតណាម ដើម្បីបង្កលក្ខណៈងាយស្រួលដល់ទំនាក់ទំនងប្រជាជននៃប្រទេសទាំងពីរ៕








ដោយ៖ សិលា
