ភ្នំពេញ៖ ក្រុមហ៊ុន ប៉េង ហួត គ្រុប រួមជាមួយដៃគូសហការ និងសប្បុរសជនដែលជាអតិថិជននៅតាមបុរី បានបន្តបេសកកម្មមនុស្សធម៌យ៉ាងសកម្ម ដោយចុះចែករំលែកក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ដល់កុមារងាយរងគ្រោះ ក្នុងគោលបំណងលើកទឹកចិត្ត លើកកម្ពស់សុខុមាលភាព បណ្តុះទម្លាប់នៃការអាន និងផ្តល់នូវក្តីសង្ឃឹមថ្មីសម្រាប់អនាគត។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចទៅកាន់អង្គការ AFESIP Cambodia ដែលជាអង្គការសកម្មក្នុងការជួយសង្គ្រោះកុមារីរងគ្រោះដោយការជួញដូរផ្លូវភេទ និងការរំលោភបំពានតាំងពីឆ្នាំ១៩៩៦ ក្រោមការដឹកនាំរបស់អ្នកស្រី សុម៉ាលី ម៉ម ដែលបច្ចុប្បន្នកំពុងផ្ដល់ការស្នាក់នៅ និងថែទាំដល់កុមារីប្រមាណ ១០០នាក់ ក្រុមការងារ ប៉េង ហួត គ្រុប បាននាំយកនូវស្បៀងអាហារ សម្ភារៈប្រើប្រាស់ចាំបាច់ ព្រមទាំងក្តីស្រឡាញ់តាមរយៈការផ្តល់តុក្កតា ការរៀបចំសកម្មភាពកម្សាន្ត និងការសំណេះសំណាល ដើម្បីបង្កើតបរិយាកាសរីករាយ និងផ្តល់កម្លាំងចិត្តដល់ប្អូនៗឱ្យមានភាពជឿជាក់លើខ្លួនឯង។

បន្ទាប់មក ប៉េង ហួត គ្រុប បានបន្តដំណើរឆ្ពោះទៅកាន់មជ្ឈមណ្ឌលអប់រំមាតុភូមិខ្មែរ នៃអង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជា (CCAFO) ដែលផ្តល់ការអប់រំដល់កុមារតូច ពិសេសបណ្តុះបណ្តាលលើភាសាបរទេស ការថែទាំសុខភាពបឋម អាហារូបត្ថម្ភ និងការលើកកម្ពស់សិទ្ធិកុមារ។ ក្នុងឱកាសនោះ ក្រុមការងារបាននាំយកនូវគ្រឿងឧបភោគបរិភោគ រួមជាមួយសម្ភារសិក្សារួមមានសៀវភៅពុម្ព សៀវភៅភាសាអង់គ្លេស និងសម្ភារផ្សេងៗ ជូនដល់សិស្សានុសិស្សក្រីក្រប្រមាណ ២០០នាក់ ដែលកំពុងទទួលការអប់រំភាសាអង់គ្លេសឥតគិតថ្លៃនៅទីនោះ។

គួររំឭកផងដែរថា កាលពីខែមករា ឆ្នាំ២០២២ កន្លងទៅ ក្រុមហ៊ុន បុរី ប៉េង ហួត ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ប៉េង ហួត គ្រុប ក៏បានឧបត្ថម្ភនូវអគារសិក្សាចំនួន ០១ខ្នង ជូនដល់អង្គការ CCAFO និងមជ្ឈមណ្ឌលមាតុភូមិខ្មែរ ស្ថិតក្នុងភូមិត្រពាំងអណ្ដូង ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដើម្បីផ្តល់ឱកាសឱ្យកុមារក្នុងតំបន់ដាច់ស្រយាល ទទួលបានការអប់រំប្រកបដោយបរិយាកាសសមរម្យ និងអភិវឌ្ឍខ្លួនឱ្យក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គម។

ប៉េង ហួត គ្រុប ក្នុងនាមជាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេក្នុងប្រទេសកម្ពុជា ជានិច្ចកាលតែងតែផ្សារភ្ជាប់អាជីវកម្មទៅនឹងការទទួលខុសត្រូវសង្គម (CSR) តាមសសរស្តម្ភទាំង ៣ គឺ «ការអប់រំ បរិស្ថាន និងសង្គម» ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងភាពសុខដុមរមនាសម្រាប់ជាតិមាតុភូមិ។

