កម្ពុជា៖ អាជ្ញាធរកម្ពុជាបានឃាត់ខ្លួនបុរសជនជាតិថៃអាយុ ៥៨ ឆ្នាំម្នាក់ បន្ទាប់ពីបុរសរូបនេះបានចូលមកជ្រៅក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ ស្ថិតក្នុងភូមិសាស្ត្រភូមិគោកចាន់រី សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦។

ការឃាត់ខ្លួននេះធ្វើឡើងស្របតាមច្បាប់ និងវិធានការការពារសន្តិសុខ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ អាជ្ញាធរកម្ពុជាបានបញ្ជាក់ថា រាល់ការចូលមកដែនអធិបតេយ្យរបស់កម្ពុជាដោយគ្មានការអនុញ្ញាត ត្រូវតែអនុវត្តវិធានការតាមច្បាប់យ៉ាងម៉ឺងម៉ាត់។
ក្រោយកើតហេតុ យោធាភូមិភាគទី២ របស់ថៃ បានទំនាក់ទំនងមកយោធភូមិភាគទី៤ របស់កម្ពុជា ដើម្បីស្នើសុំកិច្ចសហការ។ ភាគីកម្ពុជាបានទទួលយកសំណើដោយសុច្ឆន្ទៈ និងកំពុងពិនិត្យតាមនីតិវិធី ព្រមទាំងយន្តការដែលមានរវាងប្រទេសទាំងពីរ។ បុរសជនជាតិថៃរូបនេះកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់សមត្ថកិច្ចកម្ពុជា ដោយមានសុវត្ថិភាព និងទទួលបានការយកចិត្តទុកដាក់។

កម្ពុជាបញ្ជាក់ជាថ្មីថា ការការពារអធិបតេយ្យភាព និងសន្តិសុខជាតិ គឺជាកាតព្វកិច្ចមិនអាចបន្ធូរបន្ថយបានឡើយ។ ទន្ទឹមនឹងនេះ កម្ពុជានៅតែប្រកាន់ខ្ជាប់នូវស្មារតីសហប្រតិបត្តិការ និងគោលការណ៍មនុស្សធម៌ ក្នុងការដោះស្រាយបញ្ហាជាមួយប្រទេសជិតខាងដោយសន្តិវិធី។ ប្រសិនបើការពិនិត្យតាមនីតិវិធីត្រូវបានបញ្ចប់ ភាគីកម្ពុជានឹងពិចារណាសម្របសម្រួលការបញ្ជូនបុរសរូបនេះត្រឡប់ទៅឱ្យភាគីថៃវិញ នៅពេលវេលាសមស្រប។
ប្រភព៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន
